
អាម៉េរិក៖ ទីភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិនៅថ្ងៃទី ១៣ ខែ ឧសភានេះបានសម្រេចចោទប្រកាន់រុស្ស៊ីជាផ្លូវការជាអ្នកបាញ់ទម្លាក់យន្តហោះដែលផ្ទុកអ្នកដំណើរសរុប ២៩៨ អ្នកដែលបានធ្វើដំណើរពី Amsterdam ទៅកាន់ទីក្រុង Kuala Lumpur ដែលត្រូវបានរុស្ស៊ីបាញ់ធ្លាក់ពីលើក្រោយឆ្លងកាត់ Donbas នៃប្រទេសអ៊ុយក្រែន កំឡុងផ្ទុះភាពតានតឹងរវាងប្រទេសទាំងពីរកាលពីឆ្នាំ ២០១៤។
យោងតាមសេចក្តីប្រកាសរបស់ទីភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិ រុស្ស៊ីជាអ្នកទទួលខុសត្រូវចំពោះការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 លើភាគខាងកើតអ៊ុយក្រែនក្នុងខែកក្កដា ឆ្នាំ ២០១៤។
រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោកស្រី Penny Wong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "យើងសូមអំពាវនាវដល់ប្រទេសរុស្ស៊ី ឱ្យប្រឈមមុខនឹងការទទួលខុសត្រូវរបស់ខ្លួនចំពោះអំពើហឹង្សាដ៏អាក្រក់នេះ និងផ្តល់សំណងសម្រាប់ការប្រព្រឹត្តដ៏អាក្រក់របស់ខ្លួន" ដែលបានបាញ់ទម្លាក់យន្តហោះអ្នកដំណើរ។
ភ្លាមៗក្រោយពីចោទប្រកាន់រុស្ស៊ីជាផ្លូវការភាគីរុស្ស៊ីនៅមិនទាន់ចេញមុខបកស្រាយលម្អិតនៃការចោទប្រកាន់របស់ភ្នាក់ងារអាកាសចរណ៍អង្គការសហប្រជាជាតិនៅឡើយនោះទេ៕

