
(ហូជីមិញ)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន VnExpress នៅព្រឹកថ្ងៃទី១០ ខែឧសភានេះ ទីក្រុងហូជីមិញ ឬខ្មែរយើងហៅថា ព្រៃនគរ ពិតជាត្រជាក់ត្រជុំណាស់ ដោយទើបប្រទះនឹងភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំនាដើមរដូវវស្សា អមដោយបាតុភូតផ្គររន្ទះនៅតាមតំបន់ភាគច្រើន។
នៅម៉ោង ៦៖០០ព្រឹក ផ្ទៃមេឃចាប់ផ្ដើមអួរអាប់គ្របដណ្ដប់ដោយពពកខ្មៅខ្មួលខ្មាញ់បណ្ដាលឲ្យភ្លៀងធ្លាក់យ៉ាងខ្លាំងជាច្រើនម៉ោងជាប់គ្នា និងផ្គរលាន់បានប៉ះពាល់ដល់តំបន់មួយចំនួននៃទីក្រុងហូជីមិញ។
បរិវេណជុំវិញផ្សារ រួមទាំងផ្លូវនៅជិតនោះៗ បានជួបប្រទះនឹងគ្រោះទឹកជំនន់ ជាមួយនឹងកម្រិតទឹកកើនឡើងលើសពីពាក់កណ្តាលនៃកង់រថយន្ត។
ពេលនេះប្រជាពលរដ្ឋ និងអាជ្ញាធរវៀតណាមកំពុងនាំគ្នាបើកប្រព័ន្ធលូ ដើម្បីឲ្យទឹកស្រកវិលមករកសភាពដើមវិញ។
យោងតាមការព្រមានពីស្ថានីយ៍ឧតុនិយម និងជលសាស្ត្រភាគខាងត្បូង ដែលមានរូបភាពពីផ្កាយរណប រ៉ាដាអាកាសធាតុ និងប្រព័ន្ធចាប់រន្ទះ ចាប់តាំងពីម៉ោង 2:00 ទៀបភ្លឺ បានបង្ហាញពីការបង្កើតពពកព្យុះ ដែលនាំមកនូវភ្លៀងធ្លាក់ខ្លាំង ផ្គរលាន់ និងផ្លេកបន្ទោរទៅកាន់ទីក្រុង Thu Duc, Can Gio, Nha Be, Hoc Mon, Cu Chi និងស្រុក Go Vap និងតំបន់ជុំវិញនេះផងដែរ។
គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងដែលបណ្ដាលឲ្យជន់លិចទីក្រុង ហូជីមិញ បែបនេះ បានបង្ករឲ្យមានការរំខានទៅដល់ចរាចរណ៍អ្នកធ្វើដំណើរ រួមទាំងរំខានទៅដល់ការលក់ដូររបស់អាជីករជាច្រើនផងដែរ។
ដោយឃើញថាទឹកបានហក់ឡើងជិតដល់កម្ពស់កៅអីម៉ូតូទៅហើយ ជាហេតុបណ្តាលឱ្យរថយន្តជាច្រើនជាប់គាំង បន្សល់ទុកតែរថយន្តក្រុងប៉ុណ្ណោះដែលអាចធ្វើដំណើរទៅមុខបាន។
យោងតាមលោក Le Dinh Quyet ប្រធាននាយកដ្ឋានព្យាករណ៍នៃស្ថានីយ៍ជលសាស្ត្រតំបន់ខ្ពង់រាបភាគខាងត្បូង និងកណ្តាល បាននិយាយថា ខ្យល់បក់បោកបក់ពីភាគនិរតីដ៏ខ្លាំងក្លាបានរុញសំណើមពីសមុទ្រ រួមជាមួយនឹងទំនាបបានបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងទូលំទូលាយនៅទីក្រុងហូជីមិញបែបនេះ៕

