2025-04-22 18:00
58

អាមេរិក៖ រដ្ឋមន្រ្តីមហាផ្ទៃអាមេរិកម្នាក់ ត្រូវបានចោរលួចកាបូបលុយ ខណៈកំពុងញ៉ាំអាហារពេលល្ងាចនៅកណ្ដាលទីក្រុងវ៉ាស៊ីនតោន ក្នុងភោជនីយដ្ឋានមួយកន្លែង។
កាលពីថ្ងៃ ចន្ទ ទី ២១ ខែមេសា ម្សិលមិញនេះ រដ្ឋមន្រ្តីមហាផ្ទៃអាមេរិកម្នាក់បានបញ្ជាក់ថា ខ្លួនបានរងគ្រោះព្រោះតែត្រូវបានចោរលួចកាបូបលុយ អំឡុងពេលកំពុងអង្គុយញ៉ាំអាហារពេលល្ងាច។ រដ្ឋមន្រ្តីរូបនេះបានបញ្ជាក់ថា បញ្ហានេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយទេ។ 


បើយោងតាមមន្រ្តីអនុវត្តច្បាប់បាននិយាយថា សេវាសម្ងាត់ដែលផ្ដល់សន្តិសុខសម្រាប់រដ្ឋមន្រ្តីមហាផ្ទៃអាមេរិករូបនេះ បានពិនិត្យមើលវីដេអូពីកាំមេរ៉ាសុវត្ថិភាពនៅឯភោជនីយដ្ឋាន Capital Burger (ជាភោជនីយដ្ឋានដែលរដ្ឋមន្ត្រីរូបនេះអង្គុយញ៉ាំអាហារ) ហើយបានឃើញបុរសស្បែកស មិនស្គាល់អត្តសញ្ញាណម្នាក់ ពាក់ម៉ាសពេទ្យលួចកាបូបរបស់រដ្ឋមន្រ្តីរងគ្រោះខាងលើ ហើយក៏ចាកចេញពីភោជនីយដ្ឋានបាត់ទៅ។


កាបូបដែលចោរបានលួចនោះមានដូចជា ប័ណ្ណបើកបរ, ថ្នាំពេទ្យ, សោផ្ទះល្វែង, លិខិតឆ្លងដែន, ផ្លាកសញ្ញាចូលប្រើប្រាស់ DHS, កាបូបដាក់គ្រឿងសម្អាង, មូលប្បទានប័ត្រ និងប្រាក់ប្រហែល ៣០០០ ដុល្លារ។
បន្ទាប់ពីកើតមាននូវហេតុការណ៍ដែលមិនបានព្រាងទុកនេះ ពេលនេះសេវាកម្មសម្ងាត់បានចាប់ផ្ដើមការស៊ើបអង្កេតដើម្បីតាមដាន រកមុខជនសង្ស័យខាងលើ។ ខណៈដែលហេតុការណ៍ដែលបានកើតដូចខាងលើនេះ ធ្វើឲ្យអ្នកជំនាញខាងអនុវត្តច្បាប់បានលើកឡើងពីការព្រួយបារម្ភថា តើឧបទ្ទវហេតុដែលចោរចូលស្និទ្ធស្នាលជាមួយមន្រ្តីខុទ្ទកាល័យ ហើយរត់គេចខ្លួនជាមួយទ្រព្យសម្បត្តិរបស់រដ្ឋមន្រ្តីរងគ្រោះខាងលើ អាចជាការធ្វេសប្រហែសខាងសន្តិសុខដែរឬទេ? 


បើយោងតាមអ្នកវិភាគការអនុវត្តច្បាប់ CNN និងជាអតីតភ្នាក់ងារ Secret Service បាននិយាយថា ហេតុការណ៍ដែលបានកើតឡើងដូចខាងលើនេះ គឺជាការរំលោភលើសុវត្ថិភាព ដែលពិតជាមានផលវិបាកខ្ពស់ ហើយវាត្រូវការការត្រួតពិនិត្យជាបន្ទាន់ និងបន្ថែមដោយ Secret Service និង DHS រួមនិងដៃគូអនុវត្តច្បាប់ដទៃទៀត៕