
បាត់ដំបង៖ ក្រុមអ្នកប្រេីប្រាស់ម៉ូតូបំពាក់ដោយឧបករណ៍កែច្នៃខុសលក្ខណៈបច្ចេកទេស ចំនួន ០២ក្រុម មានរហ័សនាម «ក្រុមរោករ៉ាក» និង «ក្រុម pink pink» ត្រូវបានសមត្ថកិច្ចនាំយកមកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង មកដុសក្លែលចេញ ដោយសារពូកគេការកែច្នៃ និងបំពាក់ឧបករណ៍លើម៉ូតូតាមអំពេីចិត្ត និងប្រមូលគ្នាជាក្រុម ថតរូបភាពជាវីដេអូដាក់សម្លេងភ្លេងកាចៗ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក ឬTikTok ដេីម្បីបានការចូលមេីលច្រេីន។
ស្នងការនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា៖ ស្របតាមអនុសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក៏ដូចអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យផែនការងារនគរបាលព្រហ្មទណ្ឌ និងនគរបាលក្រុងបាត់ដំបង ធ្វេីការប្រមូលនាំយកអ្នកជិះម៉ូតូដោយមានការកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទ្ទេសក្នុងក្រុងបាត់ដំបង ចំនួន ០២ក្រុម ដែលមានការចាត់តាំង ហេីយកំពុងមានសកម្មភាពនៅក្នុងបរិវេណព្រលានយន្តហោះវាលបែកចាន ក្រុងបាត់ដំបង នារាត្រីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៥ នេះ។
នគរបាលបាលបានឲ្យដឹងថា៖ ការនាំមកសាកសួរក្រុមក្មេងទំនើង មានចំនួន ២២ នាក់ ម៉ូតូ ១៨ គ្រឿង មានចំនួន ០២ ក្រុម៖ ក្រុមទី១៖ មានរហ្សនាមថា «ក្រុមរោករ៉ាក» មានគ្នាចំនួន ១២ នាក់ និងក្រុមទី២៖ មានរហ្សនាមថា «ក្រុម pink pink» មានចំនួន ០៥ នាក់។ ចំណែក ០៥ នាក់ ទៀតគឺមិនទាន់មានក្រុមនៅឡេីយទេ។
តាមការសាកសួរអំពេីទង្វេីនេះ ពួកគេបានឆ្លេីយថា «ការកែច្នៃតាមអំពេីចិត្តបែបនេះ គឺជាការរៀបចំប្រមូលគ្នាជាក្រុម ថតរូបភាពជាវីដេអូដាក់សម្លេងភ្លេងកាចៗ បង្ហោះក្នុងហ្វេសប៊ុក ឬ TikTok ដេីម្បីបានការចូលមេីលច្រេីនហេីយទាក់ទាញអ្នកផ្សេងទៀតឱ្យធ្វេីដូចខ្លួន»។
ជាការកត់សម្គាល់នាពេលកន្លងមកមានទិដ្ឋភាពបែបនេះ បានបង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុក និងTikTok ដោយការតាំងបង្ហាញជាក្រុម ឬបេីកបរជាក្រុម ដោយសម្លេងម៉ូតូលឺខ្លាំងៗ និងភ្លេីងបំភ្លឺឆ្វេចឆ្វាច និងពេលខ្លះបានបង្កទៅជាភាពអណាធិបតេយ្យនៅក្នុងទីក្រុងទៀតផង។
នគរបាលបានបញ្ជាក់ថា មានករណីខ្លះក្រុមនេះ ក៏បង្ហាញនូវភាពឌឺដងដាក់គ្នាទៅក្រុមផ្សេង ឬផ្តាំផ្ញេីទៅក្រុមផ្សេងតាមរយៈទិដ្ឋភាពនេះ ដែលមហាជនក្នុងបណ្តាញសង្គមមានការបារម្ភថានឹងអាចបង្កជាជម្លោះក្នុងពេលណាមួយជាក់ជាមិនខានហេីយករណីនេះក៏បានរំខានរួចហេីយដល់ការកំសាន្តសប្បាយនិងការធ្វេីលំហាត់ប្រាណពីប្រជាពលរដ្ឋតាមដងផ្លូវ។
នគរបាលបានអំពាវនាវសូមយុវជនទាំងឡាយបញ្ឈប់នូវសកម្មភាពកែច្នៃខុសលក្ខណៈបច្ចេកទ្ទេសបែបនេះបន្តទៀត ហេីយសមត្ថកិច្ចនៅតែបន្តអនុវត្តវិធានការប្រមូលមកអប់រំណែនាំនិងឱ្យដោះចេញនូវឧបករណ៍ទាំងនេះទាំងនៅក្រុងបាត់ដំបងនិងស្រុកផ្សេងទៀតទូទាំងខេត្តករណីនៅតែបន្តប្រព្រឹត្តិនោះសមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់៕


