2026-04-30 06:55
36

ភ្នំពេញ៖ សេចក្តីថ្លែងការណ៍របស់ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានប្រកាសថា «ជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជា នៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ព្រមទាំងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗផងដែរ»

ស្ថានទូតជប៉ុន បានឱ្យដឹងថា នៅថ្ងៃទី ២៨-២៩ ខែមេសា លោកវរសេនីយ៍ឯក ហារ៉ា តាកាស៊ី ជាទីប្រឹក្សា និងអនុព័ន្ធយោធា និងលោកស្រី អូនីស៊ី អាយ ប្រធានផ្នែកកិច្ចការនយោបាយ បានចូលរួមសកម្មភាពចុះពិនិត្យទីតាំងជាក់ស្តែងទាក់ទងនឹងស្ថានការណ៍ព្រំដែន ដែលរៀបចំដោយក្រសួងការពារជាតិកម្ពុជា និងបានចុះពិនិត្យទីតាំងនៅតាមបណ្តោយព្រំដែនស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តឧត្តរមានជ័យ។

ស្ថានទូតជប៉ុន បានបញ្ជាក់ថា «រដ្ឋាភិបាលជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដប្រជានៃកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹង ដោយសហការជាមួយបណ្តាប្រទេសពាក់ព័ន្ធនានា ហើយនឹងបន្តផ្តល់ជំនួយក្នុងទម្រង់ផ្សេងៗ»

សូមជម្រាបថា តាមសេចក្តីប្រកាសព័ត៌មានរបស់លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី ២៨-២៩ ខែមេសា ឆ្នាំ២០២៦ កន្លងមក ក្រសួងការពារជាតិ នៃកម្ពុជា បានសម្របសម្រួលដំណើរទស្សនកិច្ចលើកទី២ ប្រចាំឆ្នាំ២០២៦ របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជា ចុះសង្កេតការណ៍សភាពការណ៍ផ្ទាល់នៅព្រំដែន​ កម្ពុជា-ថៃ ក្រោយបទឈប់បាញ់ចូលជាធរមាន។

ប៉ុន្តែជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃ ចំនួន ៥ លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើង ប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩ គ្រាប់។

អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា «មុនការចេញដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ របស់កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅ​កាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ»

ជាមួយគ្នានោះ ក្រសួងការពារជាតិបានបញ្ជាក់សាជាថ្មី នូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕