2026-04-30 14:53
39

ភ្នំពេញ៖ មន្ត្រីជំនាញ នៃក្រសួងបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស និងមន្ទីរបរិស្ថាន ក្នុងភូមិសាស្ត្រខេត្ត៤ រួមមាន៖ កំពង់ធំ, ព្រះវិហារ, ស្ទឹងត្រែង និងក្រចេះ សហការជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងសមាជិកនៃសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្ត្រខេត្តនេះ បានបន្តចុះល្បាត ទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីការពារ និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ជាប្រចាំ។ 

គិតក្នុងរយៈពេល ៤ខែ ឆ្នាំ២០២៦ គឺចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាត និងអនុវត្តច្បាប់បាន ចំនួន ៨៥៣ លើក ដែលក្នុងនោះ បានបង្រ្កាបបានបទល្មើសធនធានធម្មជាតិ សរុបចំនួន ១៧៨ ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៣២ ករណី  បទល្មើសកាប់ឈើ ចំនួន ២៥ ករណី បទល្មើសចាប់សត្វព្រៃ ចំនួន ១៨ ករណី បទល្មើសរ៉ែខុសច្បាប់ ចំនួន ២ ករណី និងបទល្មើសនេសាទ ចំនួន ១ ករណី។ ក្នុងរយៈពេលដូចគ្នានេះដែរ សមត្ថកិច្ចបានចាត់ការកសាង និងបញ្ជូនសំណុំរឿង ចំនួន  ៨៣ ករណីទៅតុលាការ ក្នុងនោះមានជនសង្ស័យ ចំនួន ១៣ នាក់។ ជាមួយគ្នានេះ មន្រ្តីឧទ្យានុរក្ស បានដកហូតវត្ថុតាងចាប់យក មួយចំនួនច្រើនផ្សេងទៀតបាន មករក្សាទុកនៅតាមស្នាក់ការល្បាត ដើម្បីបន្តនីតិវិធីច្បាប់។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា នៅក្នុងរយៈពេល៤ ខែដើមឆ្នាំ២០២៦ នៅតាមតំបន់ការពារធម្មជាតិ នៃប្រទេសកម្ពុជា មមន្ត្រីឧទ្យានុរក្សបានចុះឡ្បាតអនុវត្តច្បាប់ បានចំនួន ៤ ០៤៨ លើក និងបានបង្ក្រាបបទល្មើសធនធានធម្មជាតិ សរុបចំនួន ៧១៨ ករណី ក្នុងមានបទល្មើសកាប់គាស់ រុករាន ដីព្រៃធ្វើជាកម្មសិទ្ធិ ចំនួន ១៩៨ ករណី បទល្មើសព្រៃឈើ ចំនួន ២២៨ ករណី បទល្មើសចាប់សត្វព្រៃ ចំនួន ១៨២ ករណី បទល្មើសរ៉ែខុសច្បាប់ ចំនួន ៨ ករណី និងបទល្មើសនេសាទ ចំនួន ១០២ ករណី។ ជាមួយគ្នានេះ សមត្ថកិច្ចក្រសួងបរិស្ថាន រឹបអូសរណាយន្ត  រថយន្ត គោយន្ត និងម៉ូតូ ដោះអន្ទាក់ ដកហូត និងរឹបអូសកាំភ្លើងកែច្នៃបានមួយចំនួន។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានគូសបញ្ជាក់ថា «នេះគឺជាកិច្ចខិតខំប្រឹង ប្រែងរបស់មន្ត្រីឧទ្យានុរក្ស និងការចូលរួមសហការពីអ្នកពាក់ព័ន្ធ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត»

ទោះយ៉ាងណា មន្រ្តីឧទ្យានុរក្សបន្តមានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ស្របតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ជាមួយការគាំទ្រ លើកទឹកចិត្ត និងពង្រឹងសមត្ថភាពក្នុងការប្រើប្រាស់ជំនាញ បច្ចេកវិទ្យា បំពាក់សម្ភារៈ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងបរិស្ថាន និងដៃគូអភិវឌ្ឍនានា។ 

ក្នុងពេលជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្ដទុកដាក់ខ្ពស់លើការរៀបចំ និងពង្រឹងយន្ដការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ តាមរយៈការជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍មូលដ្ឋានបន្ថែមទៀត ដោយបានបង្កើតមុខរបរថ្មី បង្កើតសេដ្ឋកិច្ចនៅមូលដ្ឋាន បង្កើនចំណូល ពីគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង៕