2026-04-30 11:51
21

កណ្តាល៖ ព្រឹកថ្ងៃ ទី​២៩ ខែមេសា ឆ្នាំ​២០២៦ ក្រុមល្ខោនខោល​ នៃសហគមន៍​វត្ត​ស្វាយ​អណ្តែត ស្ថិត​ក្នុង​សង្កាត់​សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ត​កណ្តាល បាន​ប្រារព្ធពិធីដារឆ្លង​ឧទ្ទិស​កុសល​ជូន​បុព្វការី និង​​បញ្ជូនសំពៅ ជាកិច្ច​បញ្ចប់ពិធីសំពះគ្រូ​ និង​ទំនៀម​​សម្តែង​ល្ខោន​ប្រចាំឆ្នាំ។ 

ក្នុងឱកាស​ជាទំនៀម​ប្រពៃណីនេះ អ្នកស្រុកតែង​និមន្តព្រះសង្ឃសូត្រ​មន្ត​ប្រោះព្រំ ហើយ​ប្រគេនចង្ហាន់ និងទេយ្យ​ទាន​ផ្សេងៗចំពោះ​ព្រះសង្ឃ​តាមកិច្ច​ព្រះពុទ្ធ​សាសនា​​​។

ទន្ទឹម​ពេលនោះ ចាស់ទុំដឹកនាំយកដើមចេកមកធ្វើសំពៅ ខ្លះហៅ «សង្ឃឹក» ហើយ​តុបតែង ដាក់​តង្វាយផ្សេងៗមានបាយ ម្ហូប នំចំណី ផ្លែឈើ ម្លូស្លា ស្រាស និង​ផ្កាភ្ញីជាដើម។ បន្ទាប់​ពីព្រះ​សង្ឃ​ឆាន់ចប់សព្វគ្រប់ អ្នកស្រុកនាំគ្នាអុជធូបអុជទៀនដោត​នៅលើ​សំពៅនោះ បួងសួង​​សុំ​សេចក្តីសុខ​ចម្រើន​រៀងៗខ្លួន ជា​ពិសេ​ស គឺ​សូម​កុំ​ឲ្យ​អស់លោកបង់បត់ និង​បារមី​ប្រចាំវត្ត​ កុំបីមាន​​ប្រកាន់ខឹង​នឹង​កូនចៅ បើទោះខុសឆ្គងដោយប្រការផ្សេងៗ រួមទាំង​ការ​សម្តែង​​ថ្វាយ​ក្នុងរាត្រីកន្លងទៅ​​មិន​ល្អ ឬភ្លាំងភ្លេចក្តី។ 

បន្ទាប់​ពី​បួងរួចហើយ​ គេច្រូចស្រាស បាច​លាជ បាចអង្ករ ទៅលើសំពៅនោះ និងសូត្រជយន្តោ ប្រសិទ្ធី ថ្វាយ​ភ្លេង ស្រែក ហ៊ោ​៣ដង ទើបសែង​​សំពៅ​នោះ​ទៅបណ្ដែតតាមទឹកទន្លេក្បែរវត្ត។

សូមរំលឹកថា បន្ទាប់​ពីកិច្ចសំពះគ្រូ​នៃថ្ងៃដំបូង​ ក្រុមល្ខោន​វត្ត​ស្វាយ​អណ្តែត​មាន​កិច្ច​រាំថ្វាយ​បារមីក្នុងព្រះវិហារក្នុងរាត្រីបន្ទាប់ និងរាត្រីបន្តបន្ទាប់ទៀត​គឺការ​សម្តែងអន្លើ​នានា​នៃ​រឿង​រាមកេរ្តិ៍​ជូនអ្នកស្រុក​ទស្សនា​កម្សាន្ត ហើយនៅក្នុង​រាត្រីចុងក្រោយ​គឺការ​សម្តែង​អន្លើ​ កុម្ភការណ៍​ទប់ទឹក ដើម្បីសុំទឹកភ្លៀងតាមជំនឿ និង​កិច្ចអញ្ជើញអស់លោក​បង់បត់​បួងសួង​សុំសេចក្តី​សុខ​។ លុះព្រឹកឡើង​ទើប​ ធ្វើកិច្ចដារបង្សុកូលប្រគេនចង្ហាន់ព្រះសង្ឃដូចរៀបរាប់​មក​ខាង​លើ។ 

គួរបញ្ជាក់បន្ថែមថា ល្ខោនខោលវត្តស្វាយ​អណ្តែត ​បាន​ចុះក្នុង​បញ្ជី​បេតិក​ភណ្ឌ​វប្បធម៌អរូបី​ នៃមនុស្ស​ជាតិ​របស់​អង្គការ​យូណេស្កូ តាំងពីថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨៕