ភ្នំពេញ៖ គិតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ ថាមានប្រជាជនកម្ពុជា រងគ្រោះទេ បន្ទាប់ពីមានការវាយប្រហារដោយកម្លាំងយោធា នៅមជ្ឈិមបូពារ៌ឡើយ ហើយពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្នាក់នៅ ឬធ្វើការនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។
នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២៦ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងជិតស្និទ្ធនូវស្ថានការណ៍តានតឹងនៅតំបន់មជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ ខណៈភាពតានតឹងផ្នែកយោធានៅក្នុងតំបន់កំពុងកើនឡើង។
ក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ក្រសួងបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តការអត់ធ្មត់ជាអតិបរមា និងជៀសវាងសកម្មភាពណាមួយ ដែលអាចធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងបន្ថែមទៀត។
ក្រសួងបានបញ្ជាក់ថា «ការកើនឡើងនៃភាពតានតឹង អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់»។
ក្រសួងក៏បានបញ្ជាក់ថា មកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីប្រជាពលរដ្ឋកម្ពុជារងគ្រោះនោះទេ។
ទន្ទឹមនឹងនេះ ពលរដ្ឋកម្ពុជាទាំងអស់ដែលកំពុងស្នាក់នៅ ឬធ្វើការនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានណែនាំឲ្យបង្កើនការប្រុងប្រយ័ត្ន និងតាមដានព័ត៌មានពីអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន។
ការអំពាវនាវនេះ ស្របពេលស្ថានការណ៍នៅមជ្ឈិមបូព៌ា កំពុងស្ថិតក្នុងភាពតានតឹងខ្លាំង បន្ទាប់ពីមានការវាយប្រហារយោធា និងការឆ្លើយតបជាបន្តបន្ទាប់រវាងភាគីពាក់ព័ន្ធ៕



