2026-01-02 14:37
16

កំពង់ស្ពឺ៖ នៅវេលាម៉ោង ១១និង២០នាទី ព្រឹកថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០២៦ នេះ មានករណីឆេះរថយន្តមួយគ្រឿង ស្ថិតនៅលើផ្លូវល្បឿនលឿន គីឡូម៉ែត្រលេខ ៧៧-៧៨ ទិសដៅភ្នំពេញ-ព្រះសីហនុ ចំណុច ភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានឱ្យដឹងថា រថយន្តដែលឆេះ ម៉ាក Lexus RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-0897 បើកបរដោយឈ្មោះ ធាន វុទ្ធី ភេទប្រុស អាយុ ៥៦ឆ្នាំ រស់នៅភូមិទី១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានអ្នករួមដំណើរចំនួន ០៣នាក់ ជាក្រុមគ្រួសារ។

ប្រភពពីការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មូលហេតុនៃអគ្គិភ័យនេះ បណ្តាលមកពី ឆ្លងចរន្តអគ្គិសនីក្នុងរថយន្ត ទើបបណ្ដាលឲ្យរថយន្តឆេះអស់ទាំងស្រុង ខណៈអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ មិនមានរងរបួសនោះទេ។

ករណីខាងលើ ត្រូវបានកម្លាំងពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនប្រចាំការលើផ្លូវល្បឿនលឿន ចេញអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ០១ គ្រឿង និងទឹកមួយរថយន្ត ទើបអគ្គិភ័យត្រូវបានគ្រប់គ្រងជាស្ថាពរ បន្ទាប់ពីឆេះអស់៕