2026-01-02 10:26
7

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋដែលបានភៀសសឹក នៅខេត្តព្រះវិហារ បានចាប់ផ្តើមវិលត្រឡប់ទៅកាន់លំនៅដ្ឋានវិញជាបន្តបន្ទាប់ បន្ទាប់ពីសភាពការណ៍តាមបណ្តោយព្រំដែន កម្ពុជា-ថៃ មានសភាពស្ងប់ស្ងាត់ និងសុវត្ថិភាពឡើងវិញ។ 

ទោះជាយ៉ាងណា ចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រឈមហានិភ័យខ្ពស់មួយចំនួន នៅតែបន្តស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាព និងទីតាំងសុវត្ថិភាពផ្សេងៗ ដើម្បីតាមដានសភាពការណ៍បន្ថែម។

គិតត្រឹមថ្ងៃនេះ មានចំនួនប្រជាពលរដ្ឋភៀសសឹក ដែលបានវិលត្រឡប់សរុប ៥,១៤៧ គ្រួសារ (ស្មើនឹង ១៤,៨៧៣ នាក់, ក្នុងនោះស្រី ៧,៣១៧ នាក់) ស្មើនឹងប្រមាណ ៣១% នៃចំនួនប្រជាពលរដ្ឋភៀសសឹក សរុប ១៦,៤២០ គ្រួសារ។

ក្រសួងមហាផ្ទៃ និងអង្គភាពសុវត្ថិភាពនៅតំបន់បានធានាថា ការវិលត្រឡប់នេះកើតឡើងដោយសុវត្ថិភាព និងមានការត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់ ស្របតាមការណែនាំសុវត្ថិភាពសាធារណៈ។

ប្រជាពលរដ្ឋ ត្រូវបានអំពាវនាវឲ្យបន្តប្រុងប្រយ័ត្ន និងគោរពដល់ការណែនាំសុវត្ថិភាព នៅតំបន់សង្កត់ខ្ពស់ និងកុំចូលទៅកាន់តំបន់ដែលនៅតែមានហានិភ័យ ឬតំបន់ប្រឈមគ្រោះថ្នាក់មិនទាន់មានការត្រួតពិនិត្យពេញលេញ៕