2025-12-29 15:28
6

រឿងចាស់ច្រំដែល តែឈុតឆាកថ្មី! នៅព្រឹកថ្ងៃចន្ទនេះ សមាជិកក្រុមបោសសម្អាតមីនមកពីក្រុមហ៊ុនវិស្វករថៃម្នាក់បានរងរបួសធ្ងន់ដោយសារជាន់មីន នៅតំបន់សត្យាសោម ស្រុកកន្ថារ៉ាក់ ខេត្តស៊ីសាកេត ប្រទេសថៃ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២៩ ធ្នូនេះ។ នេះបើតាមសារព័ត៌មាន Khaosod។

សូមបញ្ជាក់ឲ្យដឹងថា ខណៈលទ្ធផលនៃការចុះហត្ថលេខាលើសេចក្តីប្រកាសរួម គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ រវាងកម្ពុជា-ថៃ ដែលបានឯកភាពគ្នាបណ្ដោះអាសន្នរយៈពេល៧២ម៉ោង លើបទឈប់បាញ់ជាបន្ទាន់ ស្រាប់តែនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥នេះដដែល ឧត្តមសេនីយទោ Winthai Suwaree អ្នកនាំពាក្យនៃកងទ័ពភូមិន្ទថៃ បានប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ១១៖៣០នាទីព្រឹក ថ្ងៃសៅរ៍កន្លងទៅ កងទ័ពថៃ បានទទួលរបាយការណ៍ពីយោធភូមិភាគទី២ថា ទាហានថៃម្នាក់បានរងរបួសដោយសារគ្រាប់មីនប្រឆាំងមនុស្សប្រភេទ PMN-2 ខណៈកំពុងបំពេញបេសកកម្មនៅតំបន់សោមិត ខេត្តស៊ីខាវសាក់។ ហើយជាលទ្ធផល ទាហានរងគ្រោះខាងលើ រងរបួសធ្ងន់ រួមទាំងបាត់បង់ជើងស្តាំផងដែរ។

ក្រោយកើតរឿងហេតុជាន់មីនដដែលៗមិនចេះចប់បែបនេះ ឃើញថារដ្ឋាភិបាលថៃមិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយនៅឡើយ ខណៈកងយោធពលខេមរភូមិន្ទថៃកំពុងណែនាំដល់អង្គភាពពាក់ព័ន្ធ ត្រូវស៊ើបអង្កេតជាបន្ទាន់នូវមូលហេតុនៃឧបទ្ទវហេតុនេះឱ្យបានលម្អិត រួមទាំងការចុះអង្កេត និងបោសសម្អាតមីននៅតំបន់ជុំវិញ ដើម្បីបង្កើនសុវត្ថិភាពក្នុងពេលប្រតិបត្តិការ៕