2025-12-28 11:32
4

ញូវយ៉ក៖ អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Stéphane Dujarric បានស្វាគមន៍កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ ដែលជាជំហានវិជ្ជមានឆ្ពោះទៅរកការសម្រាលទុក្ខលំបាករបស់ជនស៊ីវិល បញ្ចប់អរិភាពនាពេលបច្ចុប្បន្ន និងបង្កើតបរិយាកាសអំណោយផលដល់ការសម្រេចបាននូវសន្តិភាពយូរអង្វែង។

លោក Stéphane Dujarric អ្នកនាំពាក្យរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ចេញពីទីក្រងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយការប្រកាសបទឈប់បាញ់កម្ពុជា-ថៃ ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-បានផាកកាតខេត្តចន្ទបុរី ប្រទេសថៃ។

អគ្គលេខាធិការ UN ថ្លែងអំណរគុណចំពោះម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន ក៏ដូចជាប្រទេសចិន និងសហរដ្ឋអាមេរិក ចំពោះការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី នៃស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា និងថៃ។ 

សេចក្តីប្រកាសរបស់ UN បានបញ្ជាក់ថា «ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែង សំដៅរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់»៕