2025-12-20 16:10
14

ភ្នំពេញ៖ អាកាសយានគ្មានមនុស្សបើក (ដ្រូន) ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងវិស័យជាច្រើនដូចជា វិស័យការពារជាតិ សន្តិសុខជាតិ កសិកម្ម សារព័ត៌មាន ថតរូបភាព ការស្រាវជ្រាវវិទ្យាសាស្ត្រ និងសេវាកម្ម ផ្សេងៗ ប៉ុន្តែការប្រើប្រាស់ដ្រូននេះ ក៏អាចបង្កើតបញ្ហាប្រឈម និងគ្រោះថ្នាក់ដល់សន្តិសុខ និងសង្គមជាតិ ផងដែរ ប្រសិនបើគ្មានការគ្រប់គ្រង និងវិធានការទប់ស្កាត់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងហ្មត់ចត់នោះទេ។

បច្ចុប្បន្ននេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកត់សម្គាល់ឃើញថា មានសកម្មភាពបង្ហោះដ្រូន មួយចំនួនក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើឱ្យមានការព្រួយបារម្ភពីសំណាក់ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋទូទៅអំពីការបង្កឱ្យមានអំពើភេរវកម្ម ឧក្រិដ្ឋកម្ម ឬហានិភ័យនានាចេញពីសកម្មភាពបង្ហោះដ្រូននេះ។

ស្ថិតក្នុងស្ថានការណ៍បែបនេះ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រង និងទប់ស្កាត់ការប្រើប្រាស់ដ្រូន សំដៅរក្សានិងធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ អគ្គស្នងការដ្ឋាន នគរបាលជាតិ សូមធ្វើការណែនាំដល់អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ ១៦៤៤ប្រក ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពី ការគ្រប់គ្រងអាកាសយានគ្មានមនុស្សបើក (ដ្រូន) របស់ក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ត្រូវបង្កើនការត្រួតពិនិត្យទីតាំងអាជីវកម្មផលិត និងកែច្នៃដ្រូននៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយត្រូវតម្លើងបញ្ជីគ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ (ម្ចាស់អាជីវកម្មឬម្ចាស់កម្មសិទ្ធិ បរិមាណ ប្រភេទ គោលបំណង នៃការប្រើប្រាស់ ឬផលិត) ព្រមទាំងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ ត្រូវអញ្ជើញម្ចាស់ដ្រូន និងម្ចាស់អាជីវកម្មដ្រូនមកពន្យល់ណែនាំ និងធ្វើកិច្ចសន្យា ដើម្បីឱ្យមាន ការទទួលខុសត្រូវចំពោះមុខច្បាប់ ក្នុងករណីមានហានិភ័យឬឧបទ្ទវហេតុណាមួយកើតឡើងដោយសារការ ផលិត និង/ឬប្រើដ្រូន។

អគ្គស្នងការនគរបាលជាតិ បានណែនាំទៀតថា ត្រូវបង្កើនការក្តាប់សភាពការណ៍ ប្រមូលផ្តុំព័ត៌មានពាក់ព័ន្ធ និងសកម្មភាពបង្ហោះដ្រូននៅក្នុង ភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប់ជាប្រចាំ។ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ ស៊ើបអង្កេត និងស្វែងរកបុគ្គល ដែលបង្ហោះដ្រូនដោយគ្មានការអនុញ្ញាត និងត្រូវស៊ើបបញ្ជាក់ស្វែងរកការពិត ដើម្បី៖ បម្រើឱ្យការងារជំនាញ ឬបំភ្លឺជូនសាធារណជន, រាយការណ៍ជូនថ្នាក់ដឹកនាំ និងសុំគោលការណ៍ចាត់វិធានការឱ្យបានទាន់ពេលវេលា ក្នុងករណី សង្ស័យ ឬរកឃើញថា “ជាឧបករណ៍ប្រមូលព័ត៌មានចារកម្ម ឬឧបករណ៍ប៉ះពាល់ដល់សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម”។

អង្គភាពជំនាញ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋទូទៅ ឱ្យចូលរួមសហការជាមួយសមត្ថកិច្ចក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធ និងទប់ស្កាត់សកម្មភាពបង្ហោះដ្រូនដែលគ្មានការអនុញ្ញាត និងត្រូវចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលដែលមិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច ឬធ្វើ សកម្មភាពបង្ហោះដ្រូនដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ និងសុវត្ថិភាពសង្គម៕