2025-12-20 14:19
16

ភ្នំពេញ៖ លោក តេង ស៊ីឃុន ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី ក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន កំពុងស្ថិតនៅទីក្រុងភ្នំពេញ ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយកំដៅ និងបញ្ចប់ជម្លោះប្រដាប់អាវុធរវាង កម្ពុជា និងថៃ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងនៅថ្ងៃទី២០ ខែធ្នូនេះ។


ក្នុងអំឡុងពេលទស្សនកិច្ចនេះ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី លោក តេង ស៊ីឃុន បានចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ម្សិលមិញ។ 

លោកក៏បានជួបពិភាក្សាយ៉ាងទូលំទូលាយជាមួយ លោកឧបនាយក រដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយក រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកផងដែរ។

ក្នុងអំឡុងពេលនៃជំនួបទាំងនេះ ភាគីទាំងពីរបានគូសបញ្ជាក់អំពីភាពចាំបាច់តម្រូវឱ្យមានការឈប់បាញ់ជាបន្ទាន់ដោយឥតបង្អែរបង្អង់ និងបានសង្កត់ធ្ងន់ថា “ការសន្ទនាដោយសន្តិវិធីនៅតែជាមាគ៌ា តែមួយគត់ដែលអាចឈានទៅសម្រេចបាននូវការដោះស្រាយទំនាស់”។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការគោរព និងអនុវត្តយ៉ាងពេញលេញនូវក្របខ័ណ្ឌទ្វេភាគី និងយន្តការដែលបានព្រមព្រៀងគ្នា ដែលនៅតែជាឧបករណ៍ដ៏សំខាន់សម្រាប់ដោះស្រាយទំនាស់ និងសម្រេចបាននូវដំណោះស្រាយយុត្តិធម៌យូរអង្វែង ប្រកបដោយចីរភាព និងសន្តិភាព ស្របតាមច្បាប់អន្តរជាតិ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះប្រទេសចិន ជាពិសេស ចំពោះលោក ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់លោក ដើម្បីស្តារសន្តិភាពរវាងប្រទេសទាំងពីរ និងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ 

សម្តេចធិបតីបានគូសបញ្ជាក់ថា “ប្រទេសកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងពេញលេញ ចំពោះបទឈប់បាញ់ចាប់តាំងពីចូលជាធរមាន ហើយក៏បានប្រកាន់ខ្ជាប់ជានិច្ចផងដែរនូវ គោលការណ៍មិនប្រើប្រាស់កម្លាំង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ គោលការណ៍នេះនៅតែបន្តធ្វើជាមាគ៌ាសម្រាប់កម្ពុជាអនុវត្តវិធីសាស្ត្រចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ”។

ក្នុងជំនួបនោះ ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេសចិន លោក តេង ស៊ីជុន បានបញ្ជាក់ជាថ្មីថា “ប្រទេសចិននឹងបន្តដើរតួនាទីស្ថាបនាក្នុងការសម្របសម្រួលការសន្ទនា រវាងកម្ពុជា និងថៃ ក្នុងគោលបំណងលើកកម្ពស់ការដោះស្រាយជម្លោះដោយសន្តិវិធី”។ លោក តេង ស៊ីជុន បានសង្កត់ធ្ងន់ថា “ក្នុងនាមជាមិត្តរបស់កម្ពុជា និងថៃ ប្រទេសចិនត្រៀមខ្លួនចូល រួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដែលមានគោលបំណងសម្រេចបានបទឈប់បាញ់ដោយគ្មានបង្អែរបង្អង់ និងការវិលត្រឡប់ទៅរកការកសាងទំនុកចិត្តឡើងវិញរវាងប្រទេសជិតខាងទាំងពីរ”។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិនក្នុងការជួយបញ្ចប់ជម្លោះ និងស្តារសន្តិភាពឡើងវិញ ដែលអាចអនុញ្ញាតឱ្យប្រជាជន នៃប្រទេសទាំងពីររួមរស់ជាមួយគ្នាក្នុងសន្តិភាព ស្ថិរភាព ភាពជាអ្នកជិតខាងល្អ និងវិបុលភាព។ សម្តេចធិបតីក៏បានថ្លែងអំណរគុណដល់ប្រទេសចិន ដែលបានត្រៀមខ្លួនក្នុងការបន្តផ្តល់ជំនួយមនុស្សធម៌ ដើម្បីគាំទ្រដល់សហគមន៍ដែលរងផលប៉ះពាល់៕