2025-12-12 11:25
12

បាងកក៖ នាយករដ្ឋមន្ត្រីចាំផ្ទះថៃ លោក Anutin Charnvirakul នៅថ្ងៃសុក្រ ទី១២ ខែធ្នូ នេះ គ្រោងនឹងជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅល្ងាចថ្ងៃដដែល ខណៈដែលការប៉ះទង្គិចគ្នានៅតាមព្រំដែនរវាងកម្ពុជា និងថៃ បានបន្តដល់ថ្ងៃទី៥ហើយ។ នេះបើតាមការចុះផ្សាយដោយ រ៉យទ័រ។

លោក Anutin បានប្រាប់អ្នកយកព័ត៌មានថា ការហៅទូរស័ព្ទជាមួយ លោក Trump នឹងធ្វើឡើងចន្លោះម៉ោង ២១: ២០ នាទី (ម៉ោងក្នុងស្រុក)។ ការប្រកាសឡើងរបស់ លោក អានុទីន ធ្វើឡើងក្រោយពេលព្រះមហាក្សត្រថៃ ទើបតែចេញព្រះរាជក្រឹត្យរំលាយសភា នៅព្រឹកថ្ងៃសុក្រនេះប៉ុណ្ណោះ។

គួរឲ្យដឹងថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការប្រកាសក្នុងសន្និសិទ្ធមួយបានឲ្យដឹងថា លោកមានគម្រោងនឹងហៅទូរស័ព្ទទៅកាន់នាយករដ្ឋមន្រ្តីកម្ពុជា និងថៃ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលបានផ្ទុះឡើងវិញកាលពីពេលថ្មីៗ។

សូមបញ្ជាក់ឡើងវិញដែរថា គិតចាប់ពីថ្ងៃទី៧ មកទល់នឹងថ្ងៃទី១២ ខែធ្នូ នេះ យោធាថៃនៅតែបន្តបាញ់ស្រោចឥតឈប់ បំពានលើអធិបតេយ្យភាពកម្ពុជា ដែលបានបណ្ដាលឲ្យជនស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស រួមទាំងពលរដ្ឋកម្ពុជាជាច្រើនម៉ឺននាក់ត្រូវភៀសសឹកទៅកាន់ទីទួលសុវត្ថិភាពផងដែរ។ ហើយខណៈនេះ យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា វីរកងទ័ពកម្ពុជានៅតែឈរជើងយ៉ាងរឹងមាំក្នុងការតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញ ដើម្បីតតាំងជាមួយសត្រូវឈ្លានពានថៃ៕