2025-12-11 19:05
2

ថៃ៖  សំដីរបស់នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល ត្រូវបានបន្ទោរដោយកាសែតថៃ The Nation នៅថ្ងៃទី១១ ខែធ្នូនេះថា  គ្មានអ្វីចម្លែកទេ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រកាសថានឹងទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជាដើម្បីបង្ហាញទំនុកចិត្ត អំពើការចរចាបញ្ចប់ការប៉ះទង្គិចគ្នាតាមព្រំដែនថៃ-កម្ពុជា ខណៈបច្ចុប្បន្នកំពុងតែផ្ទុះខ្លាំងនោះ។ លោក Anutin ថា មេដឹកនាំនៃប្រទេសទាំងអស់ទំនាក់ទំនងគ្នាទៅវិញទៅមក គ្រប់ពេលវេលា និងកំពុងព្យាយាមជួយស្វែងរកផ្លូវចេញពីស្ថានភាពនេះ។

ប្រសិនបើលោក Donald Trump ទូរស័ព្ទមកលោក ក្នុងនាមជាប្រមុខរដ្ឋាភិបាល លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពន្យល់ដោយផ្ទាល់អំពីស្ថានភាពព្រំដែនបច្ចុប្បន្ននេះទៅលោក ត្រាំ  និងជឿថាបញ្ហានេះ រដ្ឋមន្ត្រីការបរទេសថៃបានផ្តល់ព័ត៌មានចាំបាច់ឱ្យភាគីអាមេរិករួចហើយ។

លោក Anutin បញ្ជាក់ថា ថៃនឹងឈរជំហររបស់ខ្លួន មិនអនុញ្ញាតឱ្យប្រទេសផ្សេងណាមកបំពានឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសឡើយ ត្រូវការពារប្រជាជន បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ។ ចំពោះការចរចា វាអាចធ្វើទៅបាន ប្រសិនបើមានលក្ខខណ្ឌសមស្រប ព្រោះគ្មានប្រទេសណាចង់មានភាពតានតឹងយូរអង្វែងជាមួយប្រទេសជិតខាងឡើយ និងអះអាងថាថៃរងគ្រោះត្រូវកម្ពុជារំលោភបំពាន ដូច្នេះថៃមានកាតព្វកិច្ចការពារអធិបតេយ្យភាពរបស់ខ្លួន ។

ក្នុងនោះលោក អនុទីន  បញ្ជាក់ថាមកដល់ពេលនេះ លោក ត្រាំ មិនទាន់បានទាក់ទងមកលោកនៅឡើយទេ ទោះបីជាមានរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា ត្រាំមានគម្រោងទូរស័ព្ទទៅមេដឹកនាំថៃ និងកម្ពុជាក៏ដោយ។ អនុទីន សង្កត់ធ្ងន់ថា ទំនាក់ទំនងបែបនេះ គឺជាទម្លាប់ក្នុងចំណោមមេដឹកនាំពិភពលោក ដើម្បីដោះស្រាយបញ្ចាប់ជម្លោះ។ នេះបើតាម Thai Enquirer ៕