2025-11-26 11:04
2

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថា “ក្រុមដើរតួជាអង្គរក្ស ដែលធ្វើឱ្យមានការភ័យខ្លាចអ្នកធ្វើដំណើរតាមដងផ្លូវសាធារណៈ ដែលល្បីក្នុងបណ្ដាញសង្គមបានមកដល់ស្នងការនគរបាលរាជធានីហើយ”។ លោកបានព្រមានថា “បើនៅមានបែបនេះទៀត សូមបញ្ឈប់ជាបន្ទាន់ ខ្ញុំមិនអនុញ្ញាតឱ្យមានបែបនេះក្នុងសង្គម ដែលប្រជាជនយើងស្អប់ខ្ពើមនោះទៀតទេ”។

សូមជម្រាបថា កាលពីថ្ងៃម្សិលមិញ បានការបង្ហោះចែករំលែកនូវរូបភាពវីដេអូពីសកម្មភាពបុរស២នាក់ ស្លៀកពាក់ឯកសណ្ឋានស៊ីវិល ជិះម៉ូតូ ម៉ាក ហុងដា C125 បានបើដេញតាមកាងរថយន្តម្ចាស់របស់ខ្លួនកំពុងធ្វើដំណើរតាមផ្លូវ និងបានចុះឃាត់រថយន្តរបស់ប្រជាពលរដ្ឋ ដោយធ្វើការសំឡុត និងគំរាម នាំឱ្យមហាជនផ្ទុះការរិះគន់ និងបញ្ចេញមតិប្រហាក់ប្រហែលគ្នាថា ជា “ទង្វើអសីលធម៌ បង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដើម្បីផ្គាប់ចិត្តចៅហ្វាយនាយរបស់ខ្លួនថាជាបុគ្គលអស្ចារ្យបំផុត”។  

បន្ទុះផ្ទុះការរិះគន់ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ អគ្គស្នងការរង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានសរសេរលើបណ្តាញសង្គមផ្លូវការថា “ឃើញរូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ។ ខ្ញុំបានដាក់បទបញ្ជាឲជំនាញកោះហៅមកសួនាំអំពីសកម្មភាពតាមដងផ្លូវសាធារណៈបែបនេះ (សូមកុំធ្វើទង្វើឱ្យមានការភ័យខ្លាចដល់អ្នកធ្វើដំណើរ)”។

លុះក្រោយមកក៏មានការទម្លាយថា ម្ចាស់រថយន្តដែលមានអង្គរក្សតាមកាងមុខក្រោយរថយន្តនោះ មានឈ្មោះ ធាង ទ្រី អាយុ ៥៣ឆ្នាំ ជាថៅកែកាហ្វេ មានផ្ទះនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មិនមែនជាឧត្ដមមន្ត្រីនោះទេ ឬអ្នកមុខអ្នកការលំដាប់ខ្ពស់នោះទេ។ ដូច្នេះសូមកុំយល់ច្រលំថា “រថយន្តនោះ ជារថយន្ត អ្នកមានអំណាច”។ អ្នកមានអំណាចបច្ចុប្បន្នល្អៗណាស់គេមិនធ្វើទង្វើអាក្រក់តាមដងផ្លូវបែបនេះទេ។ 

បច្ចុប្បន្ន អង្គរក្សជិះម៉ូតូកាងម្ចាស់តាមដងផ្លូវទាំងទទឹងទទែងនោះ បានចូលខ្លួនមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរបំភ្លឺ៕