2025-11-26 09:49
3

ភ្នំពេញ៖ ថ្ងៃព្រឹកទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រកាសអំពីលទ្ធផលនៃការស្រាវជ្រាវ និងស៊ើបអង្កេតលើករណី “ពលរដ្ឋ ចោទប្រកាន់ មន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ” ដោយបានអះអាងថា “យោធិននៃកងរាជអាវុធហត្ថស្រុកពារាំង មិនបានប្រព្រឹត្តអំពើទារលុយពីអ្នកឆក់ត្រីនោះឡើយ”។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” ជាមួយគ្នានោះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនជ្រាបដំណាក់កាលដំបូង ទទួលយក និងធ្វើការស្រាវជ្រាវស៊ើបអង្កេត។

អ្នកនាំពាក្យកងរាជអាវុធហត្ថបានបន្ថែមទៀតថា មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ស្តាប់ចម្លើយបុគ្គលដែលពាក់ព័ន្ធ សរុបចំនួន ១០ រូប ក្នុងនោះ មានលោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំងផងដែរ។ 

ផ្អែកតាមការស៊ើបអង្កេតនេះ មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើសេចក្តីសន្និដ្ឋានថា ការចុះផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” គឺយោធិននៃកងរាជអាវុធហត្ថស្រុកពារាំង មិនបានប្រព្រឹត្តអំពើទារលុយពីអ្នកឆក់ត្រីដូចការចោទប្រកាន់នោះទេ។

លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា “ករណីនេះ មន្ត្រីនគរបាលយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានកសាងបញ្ជូនសំណុំរឿង និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងតាមនីតិវិធី”។

សូមរំឭកថា នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កន្លងមកនេះ មានការភ្ញាក់ផ្អើលប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ មានឈ្មោះ ចេន ចិន អាយុ ២៦ឆ្នាំ នៅភូមិព្រៃខ្លា ឃុំរាប ស្រុកពារាំង ខេត្តព្រៃវែង អណ្តែតទឹកស្លាប់ ត្រង់ចំណុច ទ្វាទឹករំលេច បន្ទាប់ពីបាត់ខ្លួន មិនឃើញត្រឡប់មកផ្ទះវិញ បន្ទាប់ពីចេញទៅរកឆក់ត្រីក្បែរចំណុចខាងលើ កាលពីយប់ថ្ងៃ១៩ ខែវិច្ឆិកា ត្រូវបានខាងមន្ត្រីប៉េអឹមចុះបង្ក្រាប ហើយបានរត់គេចខ្លួនដោយហែលឆ្លងកាត់ទឹកជ្រៅ។ បន្ទាប់មកស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះលង់ទឹកស្លាប់ ទើបបែកធ្លាយរឿងមន្ត្រីប៉េអឹមស្រុកពារាំង ទាលុយ ចំនួន ៨០ ម៉ឺនរៀល ជាថ្នូរប្រគល់ម៉ូតូឱ្យវិញ ប៉ុន្តែក្រុមគ្រួសារមិនឱ្យព្រោះបាត់មនុស្សអត់ឃើញត្រឡប់មកផ្ទះវិញ លុះក្រោយក៏ភ្ញាក់ផ្អើលថាបានលង់ទឹកស្លាប់តែម្តង។

ក្រោយបែកធ្លាយព័ត៌មាននេះ មន្ត្រីកងរាជអាវុធហត្ថ ចំនួន ០២ រូប មានតួនាទីជា មេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ខេត្តព្រៃវែង ត្រូវបានថ្នាក់លើបើកការស៊ើបអង្កេត ពាក់ព័ន្ធកករណី “ជំរិតទារលុយ” ពីអ្នកឆក់ត្រី។ ពាក់ព័ន្ធករណីនេះ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានចាត់វិធានការត្រួតពិនិត្យចំពោះ លោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និង លោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង តាមនិតិវិធី។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការស៊ើបអង្កេតលើករណីនេះ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសថា “មន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង មិនបានទារលុយពីអ្នកឆក់ត្រី ចំនួន ៨០ ម៉ឺនរៀល ពីអ្នកឆក់ត្រី ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចការចោទប្រកាន់ឡើយ”៕