2025-11-26 10:35
3

បាត់ដំបង៖ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ០១ គ្រឿង ដែលសង្ស័យថា សង្ស័យជាករណីនាំមនុស្សឆ្លងដែនខុសច្បាប់ចូលទៅធ្វើការនៅប្រទេសថៃ នៅលើផ្លូវជាតិលេខ ៥៩A ត្រង់ចំណុច ភូមិរស្មី ឃុំជ្រៃសីមា ក្នុងវេលាម៉ោង ៣និង១៥នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញសហការជាមួយប៉ុស្តិ៍នគរបាលជ្រៃសីមា ឃាត់ខ្លួនជនសង្ស័យ ០១ នាក់ និងឃាត់ខ្លួនពលករ ចំនួន ០៧ នាក់ (ស្រី៣នាក់) ដែលមានគ្រោងនាំឆ្លងដែនចូលទៅធ្វើការនៅប្រទេសថៃ តាមច្រករបៀងដោយខុសច្បាប់។

ជនសង្ស័យមានឈ្មោះ អ៊ឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ ជាអ្នកបើករថយន្ត (ឃាត់ខ្លួន) និងឈ្មោះ សៀក ភេទប្រុស អាយុប្រហែល ៣៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន) បានធ្វើសកម្មភាពទាក់ទងនាំពលករទាំង៧នាក់។

តាមប្រភពបានឱ្យដឹងថា ចំពោះពលករខ្មែរ មានចំនួន ០៧ នាក់ អាយុពី ១៧-៤០ឆ្នាំ រស់នៅខេត្តសៀមរាប បានបង់ប្រាក់ ចំនួន ៨ពាន់បាត ក្នុងម្នាក់ ឱ្យទៅមេខ្យល់ ដើម្បីនាំឆ្លងព្រំដែនពីកម្ពុជាទៅប្រទេសថៃដោយខុសច្បាប់ គោលបំណងទៅរកការងារធ្វើ។

ការបង្ក្រាបនេះ សមត្ថកិច្ចបានដកហូតរថយន្ត ០១ គ្រឿង ម៉ាក Camry ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2H-4509 និងមានបិទឡូហ្គោ “អគ្គស្នងការនគរបាលជាតិ” នៅក្បាលរថយន្ត ដែលប្រើសម្រាប់ដឹកជញ្ជូនពលករឆ្លងដែនខុសច្បាប់ ត្រូវបាននាំយកទៅអធិការដ្ឋាន ដើម្បីធ្វើសាកសួរតាមនីតិវិធីបន្ត។

អាជ្ញាធរបន្តប្រតិបត្តិការតឹងរឹងក្នុងការទប់ស្កាត់ការជួញដូរមនុស្ស និងការនាំមនុស្សឆ្លងដែនខុសច្បាប់ ដោយអំពាវនាវដល់ប្រជាពលរដ្ឋត្រូវប្រកាន់ខ្ជាប់តាមផ្លូវច្បាប់ និងបង្កើនការប្រុងប្រយ័ត្នចំពោះការលួចនាំមនុស្សឆ្លងដែនដែលមានហានិភ័យខ្ពស់៕