2025-11-21 07:36
6

ប្រេស៊ីល៖ ក្នុងកំឡុងសន្និសិទសហប្រជាជាតិ ស្តីពី អាកាសធាតុលើកទី៣០ នៅទីក្រុងប៊ែលឡាំ ប្រទេសប្រេស៊ីល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបលោក Hemant Mandal នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិអាកាសធាតុបៃតង (GCF) ដើម្បីពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរទស្សនៈ ធ្វើការកៀរគរធនធានហិរញ្ញវត្ថុអាកាសធាតុ សម្រាប់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានជម្រាបជូនថា ទោះបីកម្ពុជា ជាប្រទេសមិនបានបញ្ចេញឧស្ម័នផ្ទះកញ្ចក់ច្រើន នាំឱ្យមានការប្រែប្រួលអាកាសធាតុសកល តែរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបានបន្តមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ទុកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ គឺជាការងារចំបងមួយដែលបានដាក់ចូលទៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុលើកទី៣ (NDC 3.0)។ 

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា “តម្រូវការធនធាន គឺជាការចាំបាច់ដើម្បីសម្រេចបានមហិច្ឆតា ដែលមានកំណត់ NDC 3.0 របស់កម្ពុជា”។ 

ក្នុងឱកាសនោះដែរ លោក Hemant បានកោតសសើរដល់រាជរដ្ឋាភិបាលកម្ពុជា ដោយទទួលបានចំណាត់ថ្នាក់ទី៥ ក្នុងចំណោមប្រទេសទាំងអស់ ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង។ 
 
លោក Hemant  សន្យាជួយកម្ពុជា លើការរៀបចំនូវកម្មវិធីជាតិ(Country Platform) ដើម្បីជំរុញការងារវិនិយោគមានភាពធន់និងបញ្ចេញកាបូនតិចនៅកម្ពុជា។ 

សូមជម្រាបថា ក្រសួងបរិស្ថាន ដែលជាស្ថានប័នជាតិទទួលបន្ទុកមូលនិធិអាកាសធាតុបៃតង (GCF) ក្នុងនាមជាសេនាធិការឱ្យរាជារដ្ឋាភិបាល បានសហការយ៉ាងរឹងមាំជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូដើម្បីកៀរគរធនធានជំនួយឥតចំណងសម្រាប់អនុវត្តសកម្មភាពអាកាសធាតុនៅកម្ពុជា។ 

នៅឆ្នាំ២០២៥ នេះ តាមរយៈក្រសួងបរិស្ថាន មូលនិធិអាកាសធាតុបៃតង បានអនុម័តគម្រោង ចំនួន ០៥ រួមមាន៖ គម្រោង ស្តីពី ការអភិវឌ្ឍប្រព័ន្ធព្រមានជាមុនសម្រាប់មនុស្សទាំងអស់ (EW4All) គម្រោងប្រព័ន្ធស្រោចស្របមានភាពបន្ស៊ាំ និងអាកាសធាតុ និងកសិកម្ម ប្រកបដោយចីរភាពសម្រាប់ភាពធន់ (Climate Adaptive Irrigation and Sustainable Agriculture for Resilience (CAISAR)) គម្រោង ការកសាងភាពធន់នឹងអាកាសធាតុរបស់កុមារ និងសហគមន៍តាមរយៈវិស័យអប់រំ (BRACE)  និងគម្រោងរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រែប្រួលអាកាសធាតុ (Local Governments and Climate Change III (LGCC 3))៕