2025-11-20 11:57
11

កំពង់ធំ៖ នៅថ្ងៃទី២០ វិច្ឆិកា ២០២៥ មានករណី គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ទៀបភ្លឺ នៅលើស្ពាន “អូរប្រសាទ” ក្នុងភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ មានរថយន្តក្រុងដឹកអ្នកដំណើរពេលយប់ ប្រភេទ២ជាន់ ដែលមានអ្នកដំណើរ សរុបចំនួន ៣៧ នាក់ បើកបុកដៃស្ពាន ហើយធ្លាក់ចូលទឹក។

រហូតដល់ព្រឹកនេះ កម្លាំងសមត្ថកិច្ច និងក្រុមសង្គ្រោះបានអនុវត្តប្រតិបត្តិការស្ទូចយករថយន្តចេញពីទឹកបានជោគជ័យ ហើយបានរកឃើញថា មានមនុស្សស្លាប់ ចំនួន ១៣ នាក់ រួមមានស្រី ០៨ នាក់ និង របួស ២៤ នាក់ ដែលបានបញ្ជូនទៅមន្ទីរពេទ្យក្បែរៗកន្លែងកើតហេតុ។

តាមការសន្និដ្ឋានបឋម របស់សមត្ថកិច្ចឃើញថា អ្នកបើកបរបានងងុយដេក នាំឲ្យបាត់បង់ការគ្រប់គ្រងរថយន្ត មុនបុកដៃស្ពាន និងធ្លាក់ចូលទឹក។
សាកសពទាំងអស់ត្រូវបានយកទៅតម្កល់នៅ វត្តកកោះ សម្រាប់បន្តស្រាវជ្រាវអត្តសញ្ញាណ និងទាក់ទងទាន់បន្ទាន់ទៅកាន់ក្រុមគ្រួសារ។

មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ បន្តព្រមានអ្នកបើកបរឲ្យប្រុងប្រយ័ត្ន និងជៀសវាងបើកបរនៅក្នុងស្ថានភាពងងុយដេក ដើម្បីបង្ការហេតុការណ៍ប៉ះទង្គិះបន្ថែម៕