2025-11-21 10:11
4

រតនគិរី៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងកម្លាំងនគរបាលស្រុកកូនមុំ បានចុះជួយកាត់ស្រូវជូនដល់គ្រួសារវីរកងទ័ពមួយគ្រួសារ ដែលប្ដីកំពុងបំពេញភារកិច្ចការពារព្រំដែន កម្ពុជា-ថៃ នៅតំបន់ជួរមុខ ខណៈដែលភរិយាមានផ្ទៃពោះ និងមានការខ្វះខាតកម្លាំងពលកម្មក្នុងការប្រមូលផល។

ការចុះជួយមេត្តាករុណានេះ គឺធ្វើឡើងតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អុង សុភាព ស្នងការនគរបាលខេត្តរតនគិរី ដោយមានគោលបំណងចូលរួមបន្ទបន្ថយបញ្ហាខ្វះខាត និងទុក្ខលំបាករបស់គ្រួសារវីរកងទ័ព ដែលកំពុងបំពេញការងារលំបាកនៅតំបន់ព្រំដែន។

កម្លាំងនគរបាល បានប្រើទាំងកម្លាំងមនុស្ស និងមានគម្រោងប្រើម៉ាស៊ីនច្រូតបន្ថែមនៅពេលគ្រឿងចក្រមកដល់ ដើម្បីជួយឲ្យការប្រមូលផលស្រូវរបស់គ្រួសារនេះអាចចប់សព្វគ្រប់ និងទាន់ពេលវេលា។

បន្ទាប់ពីសកម្មភាពនេះ អាជ្ញាធរមូលដ្ឋានបានចាត់ទុកថា ជាជំហានសម្ដែងឆន្ទៈក្នុងការគាំទ្រគ្រួសារវីរកងទ័ពដែលកំពុងឈរជើងការពារព្រំដែន និងជាការចូលរួមលើកទឹកចិត្តដល់កងទ័ពនៅជួរមុខផងដែរ៕