2025-11-17 14:11
4

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អគ្គភស្តុភារជាន់ខ្ពស់ បានបញ្ជាក់ជាថ្មីក្នុងសុន្ទរកថាមួយ កាលពីថ្ងៃចន្ទនេះថា “តាំងពីភាគីថៃ សម្រេចបិទបណ្តាញព្រំដែនតាំងពីមុនមក កម្ពុជាមិនដែលទៅសុំឱ្យបើកឡើយ”។ សម្ដេចបានថ្លែងយ៉ាងខ្លីថា “ទោះបីជាថៃបិទព្រំដែនរយៈពេលទៅ ១០០ឆ្នាំ ក៏កម្ពុជា មិននឹងទៅស្នើសុំឱ្យបើកឡើយ ដោយហៅថា វាជាការសម្រេចតែមួយរបស់ភាគីថៃខ្លួនឯង។

សម្ដេចតេជោបានបញ្ជាក់ថា “សម្ដេចប្រឆាំងដាច់ខាតចំពោះសំណើរណាមួយដែលទៅសុំបើកព្រំដែន កម្ពុជា-ថៃ ព្រោះរឿងនេះយើងបានដឹងគ្រប់គ្នាហើយ គឺថៃជាអ្នកបិទព្រំដែនដោយឯកតោភី។ ប៉ុន្ដែកម្ពុជា ត្រូវពង្រឹងសមត្ថភាពក្នុងការផលិតទំនិញក្នុងការផ្គត់ផ្គង់ក្នុងស្រុក”។ 

ទោះបីជាមិនមានការបើកព្រំដែន កម្ពុជា នឹងបន្តពង្រឹងសមត្ថភាពក្នុងការផលិតទំនិញ និងការផ្គត់ផ្គង់ខាងក្នុង ដើម្បីបន្ថយការពឹងផ្អែកលើការនាំចូល និងធានាថា សេដ្ឋកិច្ចជាតិអាចឈរខ្លួនបានដោយឯករាជ្យ។

សូមបញ្ជាក់ថា ការថ្លែងរបស់ សម្តេចតេជោ ហ៊ុន សែន រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងពិធីបើក «អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥» នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ៕