2025-11-16 14:00
10

ម៉ាឡាកា៖ គណៈកម្មការសិទ្ធិមនុស្សកម្ពុជា (CHRC) ប្រាប់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) អំពីហេតុការណ៍ទាហានថៃបានបើកការវាយប្រហារ ដោយគ្មានមូលហេតុចំនួន ០២ លើក មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា បណ្តាលឱ្យបាត់បង់ជីវិតម្នាក់ រងរបួសធ្ងន់ចំនួន ០៣ នាក់ និងពលរដ្ឋជាង ៣០០ គ្រួសារ ត្រូវបានជម្លៀងចេញពីភូមិឋានរបស់ពួកគេ ដោយការភ័យខ្លាចចំពោះទង្វើអមនុស្សធម៌របស់យោធាថៃ។

លោក ស៊ាង ចិន្តា សមាជិកគណៈកម្មការសិទ្ធិមនុស្សកម្ពុជា (CHRC) ក្នុងកិច្ចប្រជុំពិសេសលើកទី៤ ឆ្នាំ២០២៥ ដែលដឹកនាំដោយ លោក Edmund Bon Tai Soon តំណាងប្រទេសម៉ាឡេស៊ី និងជាប្រធានប្តូរវេន អាយឆា ឆ្នាំ២០២៥ នាថ្ងៃទី១០-១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីក្រុងម៉ាឡាកា ប្រទេសម៉ាឡេស៊ី។

កិច្ចប្រជុំនេះបានពិភាក្សាអំពីការអនុវត្តកម្មវិធី និងសកម្មភាពអាទិភាពនានារបស់ អាយឆា ទាំងកម្មវិធីដែលបានអនុវត្តរួចហើយ និងកម្មវិធីដែលគ្រោងនឹងអនុវត្តបន្តបន្ទាប់ទៀត ដោយផ្តោតលើប្រធានបទសិទ្ធិមនុស្សជាច្រើនរួមមាន សិទ្ធិកុមារ សិទ្ធិជនមានពិការភាព ធុរកិច្ច និងសិទ្ធិមនុស្ស សិទ្ធិមនុស្ស និងបរិស្ថាន សិទ្ធិមនុស្ស និងសន្តិភាព សេរីភាពនៃគំនិត និងការបញ្ចេញមតិ សិទ្ធិសុខភាព សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌ ព្រមទាំងសិទ្ធិបរិស្ថាន ជាដើម។ បន្ថែមលើនេះ កិច្ចប្រជុំក៏បានពិភាក្សា និងអនុម័តលើឯកសារមួយចំនួន ដើម្បីជំរុញឱ្យការបំពេញអាណត្តិការងាររបស់អាយឆា កាន់តែមានប្រសិទ្ធភាព និងស្របតាមគោលការណ៍នានារបស់អាស៊ាន និងលក្ខន្តិកៈរបស់អាយឆា។

នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចែករំលែកអំពីការវិវត្តថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសនីមួយៗ ដូចជាការអនុម័តច្បាប់ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីគោលនយោបាយ និងគំនិតផ្តួចផ្តើមថ្មីៗ រួមទាំងការដាក់ ចេញនូវវិធានការផ្សេងៗ ដើម្បីទប់ស្កាត់ និងប្រឆាំងនឹងការរំលោភសិទ្ធិមនុស្ស និងសំដៅដល់ការលើកកម្ពស់និងការការពារសិទ្ធិមនុស្ស។

នៅក្នុងឱកាសនោះ លោក ស៊ាង ចិន្តា បានជម្រាបដល់អង្គប្រជុំអំពីហេតុការណ៍ដែលទាហានថៃ បានបើកការវាយប្រហារដោយគ្មានមូលហេតុចំនួនពីរលើកមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបានបណ្តាលឱ្យមានអ្នករងរបួសធ្ងន់ធ្ងរចំនួន ០៣ រូប និងបាត់បង់ជីវិតចំនួន ០១ រូប ហើយប្រជាពលរដ្ឋប្រមាណជាជាង ៣០០គ្រួសារ ត្រូវបានជម្លៀសចេញពីផ្ទះសម្បែងទាំងយប់ទៅកាន់ជំរំជនភៀសសឹក។

លោកបានបញ្ជាក់ពីការថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតរបស់អាយឆាកម្ពុជា ចំពោះទង្វើដ៏ព្រៃផ្សៃនេះ ហើយក៏ជាទង្វើដែលរំលោភទាំងស្រុងលើច្បាប់អន្តរជាតិទាំងច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ និងជាពិសេសសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ដែលបានចុះហត្ថលេខានាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមទាំងកិច្ចព្រមព្រៀងជាច្រើនទៀត។

លោក ស៊ាង ចិន្តា បានស្នើដល់សហគមន៍តំបន់ និងអន្តរជាតិឱ្យចូលរួម និងជំរុញឱ្យមានការស៊ើបអង្កេតដោយឯករាជ្យ និងមិនលម្អៀងលើករណីនេះ ដើម្បីរកឱ្យឃើញពីការពិត ព្រមទាំងផ្តល់យុត្តិធម៌ និងការជួសជុសការខូតខាតនានាដល់ជនរងគ្រោះ៕

ចំពោះករណីទាហានទាំង១៨រូបវិញ លោក ស៊ាង ចិន្តា បានលើកឡើងថា “គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ គឺមានរយៈពេលចំនួន ១០៨ ថ្ងៃហើយ ដែលទាហានកម្ពុជា ត្រូវបានទាហានថៃចាប់ឃុំខ្លួន បន្ទាប់ពីបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ចូលជាធរមាន។ អាឆាកម្ពុជា ស្នើដល់ភាគីថៃ ឱ្យដោះលែងទាហានទាំង ១៨រូប ភ្លាមៗ និងដោយឥតលក្ខខណ្ឌផ្អែកលើគោលការណ៍នៃច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ”។

អាយឆាកម្ពុជា បានអះអាងជាថ្មី អំពីគោលជំហរឥតងាកររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយវិវាទនេះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងកិច្ចព្រមព្រៀងជាធរមានផ្សេងៗទៀត។ ទន្ទឹមនេះ ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស កម្ពុជាមិនធ្លាប់បានប្រើ ហើយដាច់ខាតនឹងមិនប្រើគ្រាប់មីនថ្មីឡើយ៕