ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្នុងរយៈពេល ១ឆ្នាំ ចុងក្រោយ កម្ពុជា បានទទួលជោគជ័យដ៏កក់ក្តៅក្នុងការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គ។ គិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ គ្មានករណី “សត្វផ្សោតស្លាប់” ឡើយ។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលត្រូវបានតាមដានចាប់ពីឆ្នាំ២០០២។
បន្ថែមពីនេះ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ទៀតសោត កម្ពុជា បានទទួលបានកូនផ្សោតកើតថ្មី ចំនួន ០៧ក្បាល ដែលធ្វើឱ្យចំនួនសត្វផ្សោតសរុបនៅកម្ពុជា នាពេលបច្ចុប្បន្ន កើនឡើងដល់ ចំនួន ១១១ ក្បាល។
សមិទ្ធផលដ៏ល្អនេះ អាចសម្រេចបានដោយសារតែការខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង ថែរក្សា និងការពារ សត្វផ្សោតទន្លេមេគង្គ ដោយសហការយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល, ក្រសួងកសិកម្ម, អង្គការ WWF, និងសហគមន៍នេសាទក្នុងតំបន់។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ, ជាពិសេសអ្នកនេសាទ, សូមផ្តល់ព័ត៌មានទៅសមត្ថកិច្ច ប្រសិនបើឃើញការធ្វើនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្ស និងការពារសត្វផ្សោតទន្លេមេគង្គ តាមលេខទូរសព្ទ៖ ០៩៩ ៧៩១ ៩១៩ / ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ / ០១២ ៨៩៧ ៩៤៣។
សូមអបអរសាទរ និងសូមបន្តការចូលរួមគាំទ្រការអភិរក្សសត្វព្រៃ ដើម្បីធានាឱ្យសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា មានសុវត្ថិភាព និងអាចរស់នៅបានយូរអង្វែង៕





