ក្រចេះ៖ នេះជាលើកទីមួយក្នុងប្រវត្តិសាស្រ្តកម្ពុជា ក្នុងរយៈពេលកត់ត្រា និងតាមដានចាប់ពីឆ្នាំ២០០២ មក ដែលពុំមានករណីសត្វផ្សោតស្លាប់ក្នុងរយៈពេល១ឆ្នាំពេញ និង២ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ថ្ងៃ១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
នេះបើតាមអ្នកនាង អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងបើកកម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» នៅរមណីយដ្ឋានសត្វផ្សោតកាំពី ស្រុកចិត្របុរី ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា កម្មវិធី «ទិវាសត្វផ្សោតទន្លេមេគង្គ» ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព អ្នកនាង អ៊ឹម រចនា, លោក ហង់ ចាន់ឌី អភិបាលរង ខេត្តក្រចេះ និង លោក Martin Kabaluapa Kapinga នាយកគ្រប់គ្រងបណ្តាប្រទេសថ្នាក់សកលនៃអង្គការ WWF អន្តរជាតិ និងមានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្រ្តីជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ តំណាងអង្គការដៃគូ ប្រជាពលរដ្ឋ សហគមន៍នេសាទ និងសិស្សានុសិស្ស សរុបប្រមាណ ៤០០ អង្គ-នាក់។
កម្មវិធីនេះ ប្រារព្ធឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងរំឭកពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ លើកកម្ពស់ការយល់ដឹងរបស់សាធារណជនអំពីសារៈសំខាន់នៃសត្វផ្សោតទន្លេមេគង្គ និងកិច្ចការពារ និងអភិរក្សសត្វផ្សោត។
អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងក្នុងនាមតំណាងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយសម្តែងការកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះដល់រដ្ឋបាលខេត្ត ស្រុក ឃុំ និងភូមិ តំណាងមន្ទីរពាក់ព័ន្ធ អង្គការ WWF និងសហគមន៍មូលដ្ឋាន ចំពោះការចូលរួម និងគាំទ្រសកម្មភាពគ្រប់គ្រងនិងអភិរក្សសត្វផ្សោតនិងជីវចម្រុះទន្លេមេគង្គ ជាពិសេសបងប្អូនឆ្មាំទន្លេដែលបាននឹងកំពុងបំពេញការងារល្បាតទាំងថ្ងៃនិងយប់ដើម្បីបុព្វហេតុនេះ។
ជាលទ្ធផល ចំនួនសរុបសត្វផ្សោតបានកើនឡើងពី ៩០ ក្បាល ក្នុងឆ្នាំ២០២០ ឡើងដល់ ១១១ ក្បាលក្នុងឆ្នាំ២០២៥ ដោយរាប់បញ្ចូលចំនួនកូនផ្សោត និងផ្សោតដែលមានវ័យជំទង់។ ក្រៅពីនេះ អត្រាស្លាប់របស់សត្វផ្សោតត្រូវបានកាត់បន្ថយដល់កម្រិតសូន្យ ដោយពុំមានសត្វផ្សោតមួយក្បាលបានស្លាប់ក្នុងឆ្នាំ២០២៥ នេះឡើយ ហើយមានកូនផ្សោតកើតថ្មីចំនួន ០៧ ក្បាល។ លោកជំទាវចាត់ទុកលទ្ធផលនេះថាជាក្តីសង្ឃឹមក្នុងការស្តារឡើងវិញនៃចំនួនសត្វផ្សោត។
ជាចុងក្រោយ អ្នកនាង អ៊ឹម រចនា បានថ្លែងជំរុញផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់មន្រ្តីឆ្មាំទន្លេ អាជ្ញាធរពាក់ព័ន្ធ និងអង្គការដៃគូ បន្តរួមសហការលើការងារអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដើម្បីរក្សាប្រភេទធនធានជលផលដែលអ្នកនាចាត់ទុកជា «បេះដូងនៃទន្លេមេគង្គ» ឱ្យបន្តជារតនសម្បត្តិរបស់មិនអាចកាត់ថ្លៃបានរបស់កម្ពុជា និងសកលលោក៕




