2025-11-15 16:58
5

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងជូនដល់ក្រុមហ៊ុននាវា ភ្នាក់ងារនាវា និងប្រតិបត្តិករកំពង់ផែទាំងអស់ អំពីការអនុវត្តតាមនីតិវិធីថ្មីសម្រាប់ស្នើសុំលិខិតអនុញ្ញាតឱ្យនាវាចូលកំពង់ផែ ក្នុងដែនទឹកព្រះរាជាណាចក្រកម្ពុជា។

យោងតាមច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងប្រកាសលេខ ១៩៨ សក.ប្រក.ដជទ ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រសួងបានកំណត់ឱ្យ នាវាអន្តរជាតិទាំងអស់ ត្រូវមាន លិខិតអនុញ្ញាតចូលកំពង់ផែ មុននឹងចូលមកដែនទឹកកម្ពុជា។ លិខិតនេះត្រូវផ្តល់ដោយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ ក្រោមក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្រសួងបានបញ្ជាក់ថា ក្រុមហ៊ុននាវា ឬភ្នាក់ងារនាវា ត្រូវស្នើសុំលិខិតអនុញ្ញាតយ៉ាងហោចណាស់ ២៤ ម៉ោងមុននាវាមកដល់ ដោយធ្វើតាមប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) តាមគេហទំព័រ៖ https://portedi.mpwt.gov.kh។

ក្នុងដំណើរការស្នើសុំនេះ ត្រូវភ្ជាប់ឯកសារ និងព័ត៌មានសំខាន់ៗដូចជា៖ គោលបំណង និងរយៈពេលស្នាក់នៅ, វិញ្ញាបនបត្រចុះបញ្ជីនាវា, វិញ្ញាបនបត្រសន្តិសុខនាវា, វិញ្ញាបនបត្របង្ការការបំពុល, កំពង់ផែចេញដំណើរ និងកំពង់ផែគ្រោងចូល, ព័ត៌មានទំនិញ (ប្រភេទ និងបរិមាណ), ចំនួននាវិក និងអ្នកដំណើរ, ពេលវេលាប៉ាន់ស្មានមកដល់ និងចេញដំណើរ, លេខជើងនាវា, កំណត់ត្រាកម្រិតសន្តិសុខនាវា ១០ ដងចុងក្រោយ និងព័ត៌មានផ្សេងៗតាមត្រូវការ។

ក្រសួងសាធារណការ បានអំពាវនាវឱ្យប្រតិបត្តិករនាវា និងភ្នាក់ងារទាំងអស់ អនុវត្តតាមនីតិវិធីថ្មីនេះឱ្យបានម៉ឺងម៉ាត់ ដើម្បីធានាបាននូវសុវត្ថិភាព ការរៀបចំល្អប្រសើរ និងការគ្រប់គ្រងចរាចរណ៍នាវាចូលកំពង់ផែឱ្យមានប្រសិទ្ធភាព៕