2025-11-15 15:57
6

ពោធិ៍សាត់៖ ស្ថានភាពតាមខ្សែព្រំដែនខេត្តពោធិ៍សាត់ ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ សភាពការណ៍មានការប្រែប្រួល បន្ទាប់ពីកម្លាំងថៃ បន្តរក្សាទ័ព អាវុធធន់ធ្ងន់ ការសាងសង់ផ្លូវថ្មី និងសកម្មភាពដ្រូនជាច្រើនដង ចូលក្នុងតំបន់ដែនអាកាសកម្ពុជា។ នេះបើយោងតាមប្រភពដែលយើងទទួលបានពីកងកម្លាំងជើងនៅជួរមុខ។

កម្លាំងថៃ ត្រូវបានគេរាយការណ៍ថា នៅតែរក្សាកម្លាំង រថពាសដែក និងអាវុធធ្ងន់ទល់មុខនឹងតំបន់អូរភ្លុកដំរី របស់កម្ពុជា ហើយភាគីថៃ កំពុងបន្តសាងសង់ផ្លូវដីប្រវែង ជាង ៤ គីឡូម៉ែត្រ ភូមិថាសេន ឃុំឡែមកាត់ ស្រុកមឿង ខេត្តត្រាត មកទល់មុខប៉ុស្តិ៍អូរភ្លុកដំរី របស់កម្ពុជា។

នៅថ្ងៃទី១៤ វេលាម៉ោង ១៨និង៤៥នាទី ភាគីថៃ បានបង្ហោះដ្រូន ចំនួន ០៣ គ្រឿង ចូលក្នុងអាកាសដែនកម្ពុជា ប្រហែល ៤០០ ម៉ែត្រ ហោះតាមបណ្ដោយព្រំដែនពីត្បូងទៅជើង។ ចន្លោះ ១៩និង២៥នាទី ភាគីថៃ បានបង្ហោះដ្រូនមួយទៀត ចេញពីកងរយ ៥៣៤ មកឆ្វែលលើតំបន់ប៉ុស្តិ៍ស្ពានជ័យជំនះ រយៈពេលប្រមាណ ០៥ នាទីមុនត្រឡប់ទៅវិញ។

នៅម៉ោង ០៩និង៥០នាទី មានប្រជាជនស៊ីវិលថៃ ជាង ៣០ នាក់ ព្រមទាំងរថយន្ត Pick-up ចំនួន ០៩ គ្រឿង និង Hummer ចំនួន ០១ គ្រឿង បានចូលមកតំបន់ជិតទីតាំងកន្លែងយោធាថៃ បានឈូសឆាយទល់មុខអូរភ្លុកដំរី របស់កម្ពុជា។

វេលាម៉ោង ១១និង០០នាទី ក្រុមសង្កេតការអាស៊ាន (AOT) បានចុះមកពិនិត្យទីតាំងអូរភ្លុកដំរី(កន្លែងថៃឈូសឆាយ)។ ក្រោយពីសួរនាំ និងស្តាប់របាយការណ៍ ពីមេបញ្ជាការកង ៥០១ រួចរាល់ ក្រុមការងារ AOT ក៏បានចុះពិនិត្យកន្លែងឈូសឆាយផ្ទាល់ និងវិត្រឡប់វេលាម៉ោងជាង ១២ថ្ងៃដដែល។ ចំណែកក្រុមទាហ៊ានសៀម ហាក់ដូចដឹងពត៌មាន ពួកគេមិនបានចូលមកធ្វើសកម្មភាពអ្វីទាំងអស់ មិនតែប៉ុណ្ណោះវាបានយកគ្រឿងចក្រវាទៅដាក់នៅកងហារបស់គេខាងក្រោយ ដែលមានចម្ងាយឃ្លាតពីកម្ពុជាយើងជាង ៨០០ ម៉ែត្រ។

ចន្លោះម៉ោង ៨និង៤០ ដល់១២និង០០ ភាគីថៃ បានដាក់កម្លាំងប្រហែល ២០ នាក់ រួមទាំងឈុតខ្មៅ និងប៉ារ៉ា ព្រមទាំងរថពាសដែក ចំនួន ០២ គ្រឿង ដើម្បីបង្កើនទីតាំងការពាររឹងមាំ (លេណដ្ឋាន) ចំនួន ២ ចំណុច ទល់មុខប៉ុស្តិ៍ស្ពានជ័យជំនះ។ កម្លាំងថៃ ក៏បានចល័តគ្រឿងចក្រចូលក្នុងតំបន់ខាងក្រោយត្រាសេផ្លូវកងរយរបស់ថៃផងដែរ។

ច្រកទ្វារប៉ុស្តិ៍ផ្លូវ ៥៦ ដែលភាគីថៃហៅថា “ថាសេន” ត្រូវបានបិទ និងរាំងខ្ទប់ដោយភាគីថៃ ដោយរាយបន្លាលួស បង្កឱ្យសកម្មភាពរបស់ប្រជាជនត្រូវរងផលប៉ះពាល់។
កងកម្លាំងសហការណ៍ជួរមុខរបស់កម្ពុជា បន្តសហការណ៍គ្នាយ៉ាងស្អិតរមួត ប្រកបដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារបូរណៈភាពដែនដី និងចុះសង្កេតការណ៍ តាមចំណុចសំខាន់ៗ និងដាក់ទីតាំងឈរជើងប្រចាំ២៤ម៉ោងលើ២៤ម៉ោង។

ជុំវិញសកម្មភាពរបស់យោធាថៃ និងការបង្ហោះត្រូន រំលោភចូលដែនអាកាសរបស់កម្ពុជា នៅទិសខេត្តពោធិ៍សាត់នេះ មិនទាន់ប្រតិកម្មឆ្លើយពីកម្ពុជាឡើយ ហើយអង្គភាពយើងមិនទាន់បានសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិ នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៥ ខែវិច្ឆិកានេះ៕