2025-11-15 09:57
7

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកាយរឹទ្ធិជាតិកម្ពុជា មុនទៅចូលរួមការបោះជំរំកាយរឹទ្ធិជំទង់អន្តរជាតិសិង្ហបុរី ឆ្នាំ២០២៥ (Singapore International Jamboree 2025) ក្រោមប្រធានបទ៖ «សាទរដំណើររបស់យើងតាមរយៈការបង្កើនចំណងមិត្តភាព លើមាគ៌ា និងក្តីស្រម៉ៃរួមគ្នា - Celebrating our journey through friendship; adventure and dreams» ចាប់ពីថ្ងៃទី១៨-២៣ ខែវិឆ្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានចូលរួមប្រមាណ ១.០០០ នាក់។ 

ការបោះជំរំនេះ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ក្មួយៗយុវជនកាយរឹទ្ធិកម្ពុជា គឺដើម្បីបណ្តុះបណ្តាល អភិវឌ្ឍសមត្ថភាព ផ្លាស់ប្តូរបទពិសោធ និងសិក្សារួមគ្នារវាងវប្បធម៌ចម្រុះរបស់ជាតិសាសន៍ ដែលមកពីបណ្តាប្រទេសជាសមាជិកអាស៊ាន និងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សរុបចំនួន ១៣ ប្រទេស។

ក្នុងពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី លោកស្រី ស្រូយ សុជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានយុវជន និងជាប្រធានស្នងការកាយរឹទិ្ធជាតិកម្ពុជា, ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីកាយរឹទ្ធិជាតិកម្ពុជា, ប្រតិភូយុវជនកាយរឹទ្ធិ ទាំង ៣៦ រូប ព្រមទាំងអាណាព្យាបាលប្រមាណ ១០០ នាក់។

ថ្លែងក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ស្និទ្ធស្នាល និងអបអរសាទរចំពោះ ប្អូនៗ និងក្មួយៗកាយរឹទ្ធិមកពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម ដែលត្រូវបានជ្រើសរើសក្នុងចំណោមប្អូនៗ និងក្មួយៗកាយរឹទ្ធិដទៃទៀត ដើម្បីទៅចូលរួមការបោះជំរំនៅប្រទេសសិង្ហបុរីដ៏មានសារៈសំខាន់នេះ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើដល់ប្អូន និងក្មួយៗត្រូវថែរក្សាសុខភាព ដោយត្រូវអនុវត្តតាមការណែនាំអំពីសុខភាព និងសុវត្ថិភាពរបស់គណៈកម្មការជំរំ និងគ្រូពេទ្យត្រូវមានសីលធម៌ និងគោរពវិន័យ (ត្រូវស្តាប់ដោយយកចិត្តទុកដាក់ចំពោះអ្នកដឹកនាំ និងមេល្បាតរបស់ក្មួយៗ)។ 

លោករដ្ឋមន្រ្តី ក៏ បានគូសរំលេចជូនថា ក្មួយៗទាំងអស់គ្នា គឺជាទូតសុឆន្ទៈរបស់វិស័យទេសចរណ៍កម្ពុជា និងតំណាងឱ្យកាយរឹទ្ធិជាតិកម្ពុជា ដោយក្មួយៗ ត្រូវហ្វឹកហាត់សម្តែងសិល្បៈ និងធើ្វការផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍របស់យើងតាមរយៈបទម្រៀង របាំ និងការចែករំលែកវប្បធម៌ ប្រពៃណីខ្មែរដល់សមាជិកជំរំដទៃទៀត និងត្រូវបង្កើតមិត្តភាពជាមួយកាយរឹទ្ធិមកពីប្រទេសដទៃទៀត និងត្រូវកត់ចំណាំ និងចែករំលែកបទពិសោធដល់មិត្តរបស់យើងដែលមិនបានទៅចូលរួម។ ជាពិសេសក្មួយៗ សូមជួយផ្សព្វផ្សាយព័ត៌មានវិជ្ជមាន, សក្តានុពលទេសចរណ៍កម្ពុជា និងត្រូវឆ្លើយតប ករណីព័ត៌មាននិយាយខុសពីការពិតអំពីប្រទេសកម្ពុជាផងដែរ៕