ភ្នំពេញ៖ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភា គឺ «ការពង្រឹងភាពស្អាតស្អំ និងកាតព្វកិច្ចទទួលខុសត្រូវរបស់រដ្ឋបាលសាធារណៈនៅគ្រប់ជាន់ថ្នាក់ ដែលជារដ្ឋបាលរបស់ប្រជាជន និងបម្រើផលប្រយោជន៍ប្រជាជន» និងស្មារតីនៃការប្រយុទ្ធប្រឆាំងអំពើពុករលួយ នៃយុទ្ធនាការផ្សព្វផ្សាយ ទិវា ៩ ធ្នូ លើប្រធានបទ៖ «រដ្ឋបាលស្អាតស្អំ បម្រើផលប្រយោជន៍ប្រជាជន» ត្រូវបានលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សនៃវិទ្យាល័យប្ញស្សីកែវ និងទួលប្រាសាទសែនសុខ សម្តែងនូវការពេញចិត្តគាំទ្រយ៉ាងពេញទំហឹង។
ជាក់ស្តែងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ក្រុមទី២ ដឹកនាំដោយ លោក ឆែម តារា បានចុះទៅផ្សព្វផ្សាយនៅវិទ្យាល័យឬស្សីកែវ និងវិទ្យាល័យទួលប្រាសាទសែនសុខ ក្នុងយុទ្ធនាការផ្សព្វផ្សាយទិវាជាតិ-អន្តរជាតិ ៩ ធ្នូ ដល់លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ប្រមាណ ២១០ រូប ក្នុងគោលបំណងឱ្យយល់ពី ១) ខ្លឹមសារទិវាដែលជាថ្ងៃអប់រំដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាគ្រប់បែបយ៉ាង ២) ស្គាល់ពីស្ថាប័នប្រឆាំងអំពើពុករលួយ និង៣) របៀបដាក់ពាក្យប្តឹងមក អ.ប.ព.។
យោងអនុក្រឹត្យលេខ ១៥០ អនក្រ.បក ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១០ ស្តីពីទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ ធ្នូ របស់រាជរដ្ឋាភិបាលកម្ពុជា អ.ប.ព. ទទួលបន្ទុករៀបចំចាត់ចែងកិច្ចការនៃទិវានេះ ដោយរួមសហការជាមួយក្រសួង ស្ថាប័ន អង្គភាពសាធារណៈ និងឯកជនគ្រប់លំដាប់ថ្នាក់ឱ្យចូលរួមប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយឱ្យមានលក្ខណៈឱឡារិក៕





