2025-11-15 09:49
7

ភ្នំពេញ៖ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ០៨និង៣០នាទីព្រឹក ក្រុមការងារសម្របសម្រួលអ្នកសង្កេតការណ៍របស់ក្រសួងការពារជាតិ នៃ បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អញ្ជើញមកដល់មន្ទីរពេទ្យ កម្ពុជា-ជប៉ុនមង្គលបុរី ដើម្បីពិនិត្យប្រជាជនស៊ីវិលកម្ពុជា ដែលត្រូវបានរងរបួសដោយសារការបាញ់ប្រហារ។ 

បន្ទាប់មកក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក៏បានចូលរួមពិនិត្យការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញកម្ពុជាលើសពជនរងគ្រោះដែលបាត់បង់ជីវិត ឈ្មោះ ឌី ណៃ ហៅសល់ ភេទប្រុស អាយុ ៣៦ឆ្នាំ ស្នាក់នៅភូមិព្រៃចាន់ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពរបស់ជនរងគ្រោះ និងផលប៉ះពាល់ ដោយសារហេតុការណ៍ដែលកងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារយ៉ាងកំរោលដោយគ្មានហេតុផលមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥។ 

ក្រសួងការពារជាតិ រំឭកថា នៅក្នុងហេតុការណ៍យោធាថៃ បានបើកការបាញ់ប្រហារមកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជានោះ ចំនួនពីរលើក និងបានបង្កឱ្យប្រជាជនស៊ីវិលកម្ពុជា រងរបួស សរុបចំនួន ០៣ នាក់ និងបាត់បង់ជីវិតចំនួន ០១ នាក់។

កម្ពុជា អំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនឹងនេះ កម្ពុជា អំពាវនាវឱ្យភាគីថៃ ងាកមកគោរពកិច្ចព្រមព្រៀមបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាព និងកាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ ស្មោះត្រង់ និងដោយសុច្ឆន្ទៈពិតប្រាកដ។ 

កម្ពុជា ស្នើសុំឱ្យមានការបើកការស៊ើបអង្កេតដោយឯករាជ្យលើករណីនេះ និងសូមអំពាវនាវឱ្យមានការចូលរួមពីភាគីបរទេសដែលមានជំនាញ ដើម្បីស្វែងរកការពិត ការទទួលខុសត្រូវ និងផ្តល់យុត្តិធម៌ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារការបាញ់ប្រហាររបស់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជា។ 

កម្ពុជា ប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕