2025-05-30 14:52
27

ភ្នំពេញ៖ បុគ្គលមានឈ្មោះ ហង្ស សំណាង ជាអ្នកកាសែតអនឡាញម្នាក់ អ្នកលេងបណ្តាញសង្គមបានស្គាល់គាត់តាមរយៈការបង្កើតមាតិការបែបកំប្លែងរិះគន់ប្រៀបធៀបទៅនឹងបញ្ហានានាដែលកើតមានក្នុងសង្គម និងធ្វើការឡាយផ្ទាល់ហេតុករណ៍ផ្សេងៗនោះ ពេលនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយបង្ហោះឃ្លីបវីដេអូមួយដែលធ្វើឱ្យប៉ះពាល់កិត្តិយស កិត្តិស័ព្ទ និសេចក្តីថ្លៃថ្នូរបស់យោធា រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរតាមនិតិវិធី។

ការឃាត់ខ្លួនអ្នកកាសែតអនឡាញ ឈ្មោះ ហង្ស សំណាង និងបក្ខពួក ចំនួន ០២នាក់ទៀត បានធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ ក្រោយការឃាត់ខ្លួនមហាជន និងអ្នកនិយមលេងបណ្តាញសង្គមរងចាំមើលថា វាសនាបុគ្គលរូបនេះ និងបក្ខពួកនឹងត្រូវទៅជាយ៉ាងណា? សុំទោសហើយរួចខ្លួន ឬត្រូវអនុវត្តតាមផ្លូវច្បាប់?

សូមជ្រាបថា លោក ហង្ស សំណាង និងបក្ខពួក០២នាក់ទៀត បានបង្កើតមាតិការបែបកំប្លែងសម្តែងជាយោធាស្លៀកពាក់មិនសមរម្យ និងធ្វើកិច្ចសម្ភាសន៍ឌឺដងឡែបខាយខុសក្បួន ញុះញង់ បំបាក់ទឹកចិត្ត និងស្មារតីយោធា ទង្វើនេះវាបានដើរហួសបន្ទាត់ខ្លួនជាអ្នកសារព័ត៌មាន  ទើបត្រូវបានសមត្ថកិច្ចចាប់ខ្លួន ដើម្បីយកមកសួរនាំអំពីការបង្កើតវីដេអូមានគោលបំណងអ្វីឱ្យពិតប្រាកដ ហើយអ្នកណាជាអ្នករៀបចំឱ្យបង្កើតមាតិការនេះឡើង។

បន្ទាប់ពីបង្ហោះវីដេអូសម្តែងនាំឱ្យប៉ះពាល់ដល់កងទ័ព និងផ្ទុះការរិះគន់ពីគ្រប់មជ្ឈដ្ឋាន ជាពិសេសអ្នកលេងបណ្តាញសង្គម បុគ្គល ហង្ស សំណាង ក៏បានលុបវីដេអូនោះចេញ និងបានចេញវីដេអូធ្វើការសុំទោសជាសាធារណៈប៉ុន្តែហួសពេល ព្រោះឃ្លីបវីដេអូដែលខ្លួនបង្កើតនោះ វាបានចែកចាយជាបន្តបន្ទាប់មានអ្នកចូលទស្សនា និងយកទៅបង្ហោះបន្តរាប់ម៉ឺន រាប់សែន…បាត់ទៅហើយ។ ទោះបីជាលោកបានធ្វើវីដេអូសុំទោសជាសាធារណៈ ក៏ដោយនៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នេះ បុគ្គលរូបនេះ ត្រូវបានសមត្ថកិច្ចចាប់ ដើម្បីសាកសួរតាមនិតិវិធី។

ជុំករណីនេះ លោកវរសេនីយ៍ឯក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទិ៍ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានប្រាប់កាសែតក្នុងស្រុកមួយថា៖ «បុគ្គល ហង្ស សំណាង និងបក្សពួក២នាក់ទៀត ពិតជាត្រូវបានសមត្ថកិច្ចហៅមកសួរនាំពិតប្រាកដមែន នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ ដោយសារបង្ហោះវីដេអូពាក់ព័ន្ធនឹងកងទ័ព»៕