
ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក ម៉ារីត សាងៀមផុង្ស បានស្កាត់ជួបជាមួយលោកឧបនាយករដ្ឋ ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីពិភាក្សាគ្នាអំពីការប៉ះទង្គិចគ្នានៅតំបន់ព្រំដែនមុំបី ដែលផ្តើមឡើងដោយយោធាថៃ បាញ់ប្រហារមកលើយោធាកម្ពុជា កំពុងឈរជើងនៅលេណដ្ឋានរបស់ខ្លួន បណ្តាលឱ្យយុទ្ធជនម្នាក់ ពលីកម្ម។
តាមការប្រភពពីក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារ ជាមួយលោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសថៃ ក្នុងឱកាសចូលរួមសន្និសីទអន្តរជាតិ Nikkei លើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី» នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នងជំនួបនេះរដ្ឋមន្ត្រីការបរទេសទាំងពីរបានកត់សម្គាល់អំពីការប្រាស្រ័យទាក់ទងគ្នាភ្លាមៗ រវាងសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកជំទាវ ផែថងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃ ដែលបានបញ្ជាក់អំពីការប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ ការយោគយល់និងជឿទុកចិត្តគ្នាទៅវិញទៅមក ក្នុងការដោះស្រាយរាល់ជម្លោះដែល កើតឡើងជាយថាហេតុដោយសន្តិវិធី ឈរលើមូលដ្ឋាននៃការគោរពអធិបតេយ្យភាព និងបូរណភាព ទឹកដីរៀងៗខ្លួន។
រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពប្រកាន់ស្មារតី នៃការគោរពអនុសារណនៃការយោគយល់គ្នា ឆ្នាំ២០០០ ស្តីពី «ការវាស់វែង និងខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ» ប្រាស់គ្រប់យន្តការដែលមានស្រាប់ ជាពិសេសជំរុញយន្តការគណៈកម្មាធិការព្រំដែនបរទេស ជួបពិភាក្សាការងារគ្នាឱ្យបានឆាប់ តាមដែលអាចធ្វើបាន ដើម្បីដោះស្រាយបញ្ហាព្រំដែន ដោយផ្តោត សំខាន់ទៅលើតំបន់ដែលបានកើតហេតុនាពេលថ្មីនេះ៕

