
ព្រះសីហនុ៖ នារីវ័យក្មេងស្រស់ស្អាតម្នាក់ បានបង្ហោះរូបភាពនាង និងអតីតសង្សាស្លៀកពាក់ឯកសណ្ឋានប៉េអឹមដែលបានបែកគ្នាអស់រយៈពេលប្រហែល ជាង ១ខែកន្លងមកហើយនោះ ប៉ុន្តែបុគ្គលរូបនេះតែងតែតាមព្យាបាទឥតល្ហែ និងគំរាមកំហែងថានឹងសម្លាប់នាងនោះ ពេលនេះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរ អ្នកនាំពាក្យអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា៖ «បុគ្គលរូបនេះមិនមានឈ្មោះក្នុងបញ្ជីគ្រប់គ្រងរបស់កងរាជអាវុធហត្ថឡើយ»។
តាមគណនីហ្វេសប៊ុកឈ្មោះ Pĩ ẞeŷ (មីខ្មៅ) បានសរសេរខ្លឹមសារថា៖ «នាងបានបែកគ្នាជាមួយអតីតសង្សារយៈពេលជិត១ខែហើយ ប៉ុន្តែបុរសរូបនោះមិនព្រមដោះលែងខ្លួនទេ គឺតាមរករឿងរហូត។ ចាប់តាំងពីរូបនាងស្រលាញ់គ្នាមានរយៈពេល ១ឆ្នាំកន្លងមក បុរសរូបនេះ តែងតែធ្វើបាប វាយដំ ច្រំធាក់ និងបំផ្លាញគ្រប់យ៉ាង ខណៈទាំងពួកគេត្រឹមជាសង្សាររស់នៅជាមួយគ្នាដោយមិនបានរៀបការ ឬក៏សែនឱ្យម៉ែឳដឹងឮនិងស្គាល់នៅឡើយទេ។ រយៈពេល១ឆ្នាំមកនេះនាងបានទ្រាំឆ្អែតឆ្អន់ហើយ និងបានរត់គេចពីគាត់មកធ្វើការនៅកំពង់សោម ប៉ុន្តែគាត់នៅតែតាមរករឿងដល់កន្លែងធ្វើការ ព្រមទាំងគំរាមសម្លាប់ខ្ញុំថែមទៀត បើថ្ងៃក្រោយទៅនាងមានបញ្ហាអី គឺម្នាក់នឹងជាអ្នកធ្វើបាប។ នាងក៏គ្រោងទៅដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ដើម្បីជួយអត្តរាគមន៍ ព្រោះអតីតសង្សារបានគំរាមសម្លាប់ជាច្រើនលើក»។
ក្រោយមានការបង្ហោះខ្លឹមសារ និងរូបភាពអតីតសង្សារបស់ខ្លួនស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានបញ្ជាក់ថា៖ «ការផ្សព្វផ្សាយព័ត៌មាន តាមបណ្ដាញព័ត៌មានសង្គម ពាក់ព័ន្ធនឹងបុគ្គលម្នាក់ស្លៀកពាក់ឯកសណ្ឋានជំនាញកងរាជអាវុធហត្ថ។ តាមការពិនិត្យភិនភាគ និងអត្តសញ្ញាណ បុគ្គលនោះមិនមានឈ្មោះក្នុងការគ្រប់គ្រងរបស់កងរាជអាវុធហត្ថនោះទេ»។
អ្នកនាំពក្យកងរាជអាវុធហត្ថ បានបញ្ជាក់ថា៖ «ករណីនេះអាវុធហត្ថបើកការស៊ើបអង្កេត និងស្រាវជ្រាវ លុះដល់ម៉ោង ១៣និង២០នាទី ថ្ងៃខែដដែល ទើបធ្វើការឃាត់ខ្លួនបុគ្គលនេះបានហើយ»។
បច្ចុប្បន្នបុគ្គលសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ និងកំពុងបន្តអនុវត្តតាមនីតិវិធីច្បាប់៕


