ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកបណ្ឌិត អ៊ាង សុផល្លែតរដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ជាច្រើន។
លោក ស៊ុ ធី អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន បានឱ្យដឹងថា អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងធ្វើឱ្យក្រសួងបរិស្ថាន និងអង្គការសហប្រជាជាតិ ដែលក្នុងនោះ UN-Habitat បានអនុវត្តការងារកាន់តែជិតស្និតបន្ថែមទៀត លើការកសាងសមត្ថភាព និងការកៀរគរធនធាន ដើម្បីបន្ស៊ាំ និងពង្រឹងភាពធន់នៅក្នុងប្រទេសកម្ពុជា។
លោកស្រី Kazuko ISHIGAKI ប្រធានអង្គការUN-Habitat ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងនូវគម្រោង និងផែនការសកម្មភាពជាច្រើន រួមទាំងការរៀបចំគោលនយោបាយ និងការអនុវត្តគម្រោង ដើម្បីឆ្លើយតបនឹងការប្រែប្រួអាកាសធាតុនៅតំបន់ឆ្នេរ ហើយសម្រេចបាននូវភាពជោគជ័យប្រកបដោយមោទនភាព។ លោកស្រី ថ្លែងអំណរគុណដល់ក្រសួងបរិស្ថានកម្ពុជា ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អ ហើយបន្តទៅមុខអង្គការ UN-Habitat នឹងបន្តកិច្ចសហប្រតិបត្តិការ អនុវត្តគោលនយោបាយបរិស្ថាននិងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមត្ថភាពស្ថាប័ន និងជំរុញវិធីសាស្ត្រគ្រប់គ្រងបរិស្ថានទីក្រុង ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ បរិយាបន្ន និងចីរភាព។
នៅក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះ ជាការបង្ហាញពីការគាំទ្រ ការចូលរួម និងគាំទ្រដល់ក្រសួងបរិស្ថាន ក្នុងការអនុវត្តភារកិច្ច ការទទួលខុសត្រូវលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន និងការអភិវឌ្ឍន៍ដោយចីរភាព ដើម្បីកម្ពុជាសម្រេចបានភាពស្អាត ភាពបៃតង និងចីរភាព ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន សំដៅឆ្ពោះទៅសម្រេចបានការបង្កើនគម្របព្រៃឈើច្រើន និងការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍លើកឡើងពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលជាប្រទេសរងគ្រោះខ្លាំងពីការប្រែប្រួលអាកាសធាតិ ចូលរួមធ្វើសកម្មភាពជាច្រើន ស្របតាមផែនការ និងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលកម្ពូជា ក្នុងនោះផែនការយុទ្ធសាស្ត្រឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ (CCCSP) ២០២៤-២០៣៣ ដោយបញ្ជ្រាបគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការបន្ស៊ាំ និងការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដោយជំរុញការចូលរួម និងការអនុវត្តការងារពីភាគីពាក់ព័ន្ធនានា។
លោករដ្ឋមន្រ្តីបានថ្លែងបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់ បណា្តលមកពីការប្រែប្រួលអាកាសធាតុ ហើយសកម្មភាពឆ្លើយតបនឹង ទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ និងដៃគូរបស់យើង៕









