លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅក្នុងអំឡុងពេលអញ្ជើញបំពេញបេសកកម្ម នៅប្រទេសចិន នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយ លោក Huang Runqiu រដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងសៀងហៃ ប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការការពារបរិស្ថាន ការបញ្ចេញកាបូនទាប និងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងអំពីដំណើរការជំរុញ «ភាពស្អាត» នៅកម្ពុជា និងបានថ្លែងអំណរគុណដល់លោក Huang Runqiu ដែលបានផ្តល់អំពូលសូឡាដាក់បំភ្លឺតាមផ្លូវ និងអំពូលសូឡាដាក់តាមផ្ទះ ជូនក្រសួងបរិស្ថាន នាពេលកន្លងមក។ អំពូលទាំងនោះ បានយកទៅផ្តល់ជូនប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តតំបន់សហគមន៍ទេទឹកពុះ សហគមន៍ភ្នំខ្នងផ្សារ ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅលើកោះស្រឡៅ ក្នុងភូមិសាស្រ្តស្រុកកោះកុង ខេត្តកោះកុង និងបានតម្លើងនៅតាមថ្នាលបណ្តុះកូនឈើថ្នាក់តំបន់របស់ក្រសួងបរិស្ថាន ទាំង៥កន្លែង រួមមាននៅខេត្តត្បូងឃ្មុំ កំពង់ស្ពឺ សៀមរាប មណ្ឌលគិរី និងកោះកុង។
លោករដ្ឋមន្រ្តីមានប្រសាសន៍ជំរុញឱ្យមានកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងទប់ស្កាត់និងកាត់បន្ថយការបំពុលបរិស្ថាន។
លោករដ្ឋមន្ត្រីក្រសួងអេកូឡូស៊ី និងបរិស្ថាននៃប្រទេសចិន បានថ្លែងថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យ ដែលក្រសួងបរិស្ថានកម្ពុជា ទទួលបាន ក្នុងការជំរុញ «ភាពស្អាត» នៅកម្ពុជា។ លោកបានថ្លែងផ្តល់អំពូលសូឡាដាក់តាមផ្លូវ ចំនួន ២០០០ ដើម និងប្រព័ន្ធអំពូលភ្លើងសូឡាដាក់តាមផ្ទះ ចំនួន ៣០០០ ឈុតបន្ថែមទៀត ជូនដល់ក្រសួងបរិស្ថាន ដើម្បីយកទៅប្រើប្រាស់សម្រាប់ប្រយោជន៍សាធារណៈ ជាពិសេសនៅខេត្តត្បូងឃ្មុំ និង នៅតាមតំបន់ការពារ ដើម្បីធ្វើយ៉ាងណាជួយឲ្យសហគមន៍មានភ្លើងប្រើ និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ពួកគាត់ឲ្យកាន់តែប្រសើរឡើង។
ជាមួយគ្នានោះដែរ លោករដ្ឋមន្រ្តីបរិស្ថានចិន បានលើកឡើងអំពីការបន្តជំរុញអ្នកវិនិយោគចិនឲ្យមកកម្ពុជាថែមទៀត។ កន្លងមកក្រុមហ៊ុនប្រទេសចិន បានអញ្ជើញមកប្រទេសកម្ពុជាជាបន្តបន្ទាប់ ក្នុងនោះបានបង្ហាញការវិនិយោគក្នុងការកែច្នៃសំណល់រឹងឲ្យទៅជាថាមពលអគ្គិសនី ។
សូមបញ្ជាក់ថា កម្ពុជា និងចិនបានពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំ លើវិស័យបរិស្ថាន។ ក្រុមហ៊ុនវិនិយោគប្រទេសចិន បានចូលរួមក្នុងការងារគ្រប់គ្រងបរិស្ថាន ជាពិសេសលើការគ្រប់គ្រងសំរាម សំណល់រឹង និងមានគម្រោងការកែច្នៃសំណល់ ទៅជាថាមពលអគ្គិសនី (Waste-to-Energy) ដើម្បីជំរុញសេដ្ឋកិច្ចបៃតងនៅកម្ពុជា៕






