2026-04-29 22:27
24

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វ​ផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) បានថ្លែងថា នៅក្នុងបរិបទដែលវិស័យទេសចរណ៍កម្ពុជាកំពុងប្រឈមនឹងឧបសគ្គ និងឥទ្ធិពលពីកត្តាខាងក្រៅជាច្រើន ក្រុមប្រឹក្សាភិបាលបានបង្កើនសកម្មភាពផ្សព្វផ្សាយទេសចរណ៍ទៅកាន់ទីផ្សារអន្តរជាតិ ដើម្បីពង្រឹងភាពធន់នៃវិស័យ។

ការថ្លែងនេះធ្វើឡើងក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការ​ងារ​ត្រីមាសទី២ របស់ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា ដោយមានការចូលរួមពីតំណាងរដ្ឋ និងវិស័យឯកជនជាសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងអង្គភាពប្រតិបត្តិពាក់ព័ន្ធ។

កិច្ចប្រជុំមានគោលបំណងពិនិត្យវឌ្ឍនភាពការងារដែលសម្រេចបានវិភាគ និងវាយតម្លៃស្ថានភាពទេសចរណ៍ទាំងក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់កត្តាហានិភ័យ និងឱកាស ដើម្បីរៀបចំយុទ្ធសាស្ត្រ និងផែន​ការសកម្មភាពឱ្យមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន។

ក្នុងឱកាសនេះ ហួត ហាក់ បានវាយតម្លៃខ្ពស់លទ្ធផលការងារត្រីមាសទី១ និងបានណែនាំទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន ការជំរុញយុទ្ធនាការទស្សនាកម្ពុជាក្នុងរដូវបៃតង (Visit Cambodia in Green Season) ភ្ជាប់គំនិត The Green Wonder, ការរៀបចំផែនការគាំទ្រគោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ និងការលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ។

ជាមួយគ្នានេះ ក៏មានការរៀបចំផែនការផ្សព្វផ្សាយសម្រាប់ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងវិនិយោ​គិនបរទេសមកកាន់ប្រទេសកម្ពុជាបន្ថែម៕​​​