2026-03-28 16:18
100

ភ្នំពេញ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០៨និង២៥នាទី ក្រុមសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលឱ្យក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែន នៅតំបន់ភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។

ការចុះសង្កេតការណ៍នេះ មានគោលបំណងពិនិត្យលើការគោរព និងអនុវត្តវិធានការទាំងអស់ ដែលបានកំណត់ក្នុងសេចក្តីប្រកាសរួម បន្ទាប់ពីបទឈប់បាញ់ចូលជាធរមានរវាងកម្ពុជា និងថៃ។

លោកស្រីបានបញ្ជាក់ថា បេសកកម្មលើកនេះ ក៏ជាការចុះសង្កេតការណ៍ប្តូរវេនរវាងប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ដោយប្រទេសម៉ាឡេស៊ី ដែលបានបញ្ចប់អាណត្តិ នឹងផ្ទេរភារកិច្ចទៅឱ្យប្រទេសហ្វីលីពីន បន្តដឹកនាំ ក្នុងនាមជាប្រធានអាស៊ានប្តូរវេន និងជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំនៅកម្ពុជា។

ជាមួយគ្នានេះ ក្រសួងការពារជាតិកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា បានបន្តបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ព្រមទាំងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងៗ។

កម្ពុជាបានអះអាងថា ការអនុវត្តវិធានការទាំងនេះ មានគោលដៅ ដើម្បីជំរុញឱ្យមានការស្តារឡើងវិញយ៉ាងឆាប់រហ័សនៃស្ថានភាពធម្មតា និងធានាបាននូវសន្តិភាព ស្ថិរភាពយូរអង្វែងនៅតំបន់ព្រំដែនរវាងប្រទេសទាំងពីរ៕