2026-02-12 09:54
17

រតនគីរី៖ ការសិក្សាស្រាវជ្រាវជីវៈចម្រុះដោយប្រើ ម៉ាស៊ីនថតស្វ័យប្រវត្ត (camera traps) ចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ បានបង្ហាញពីវត្តមានប្រភេទសត្វសំខាន់ៗជាច្រើន នៅក្នុង «ឧទ្យានជាតិវីរជ័យ» ដែលស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា និងត្រូវបានចាត់ទុកជាជម្រកធម្មជាតិដ៏មានតម្លៃសម្រាប់សត្វព្រៃ។

ការសិក្សានេះ ជាកិច្ចសហការរវាង អង្គការសត្វព្រៃ និងរុក្ខជាតិ (FFI) ជាមួយ ក្រសួងបរិស្ថាន ដោយមានការគាំទ្រពីមន្ទីរបរិស្ថានខេត្តរតនគីរី និងការចូលរួមពីជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន។ លទ្ធផលបានកត់ត្រាប្រភេទសត្វសរុប ៤២ ប្រភេទ រួមមាន៖ ថនិកសត្វ ៣២ ប្រភេទ, បក្សី ០៩ ប្រភេទ និងល្មូន ០១ ប្រភេទ។

ក្នុងចំណោមនេះ មាន ២ប្រភេទ ជាសត្វជិតផុតពូជបំផុត, ៥ប្រភេទ ជាសត្វជិតផុតពូជ និង ១៣ប្រភេទ ជាសត្វងាយរងគ្រោះ។ ជាពិសេស កំណត់ត្រាវីដេអូបានបង្ហាញពី ហ្វូងដំរីអាស៊ី ដែលជាសក្ខីភាពសំខាន់ បញ្ជាក់ពីភាពសមស្របនៃទីជម្រកធម្មជាតិនៅក្នុងតំបន់នេះ។

ប្រភេទសត្វកម្រដែលត្រូវបានកត់ត្រា រួមមាន៖ ដំរីអាស៊ី, ឆ្កែព្រៃ, ខ្លាពពក, ខ្លាលឿងមាស, កេងកងធំ, ខ្លាភ្ញីថ្មកែវ, រញីប្រផេះ, ក្ងោក, ស្វាកន្ទុយស, ពង្រូល និងសត្វព្រៃជាច្រើនផ្សេងទៀត។

លោក ខៃ្វ អាទិត្យា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ឧទ្យានជាតិវីរជ័យមានសារៈសំខាន់ខ្លាំងសម្រាប់ការពារជីវៈចម្រុះ និងជាជម្រកសត្វព្រៃជាច្រើន។ ទិន្នន័យពីការសិក្សានេះ ជាធនធានចំណេះដឹងដ៏មានតម្លៃ សម្រាប់ជំរុញសកម្មភាពអភិរក្សព្រៃឈើ និងសត្វព្រៃ ព្រមទាំងគាំទ្រសហគមន៍ដែលពឹងផ្អែកលើធនធានធម្មជាតិ។

លោក លូ វន្នី ប្រធានគម្រោងអភិរក្សដីគោក នៃអង្គការ FFI ប្រចាំកម្ពុជា បានបញ្ជាក់ថា ទិន្នន័យពីម៉ាស៊ីនថតស្វ័យប្រវត្ត អាចជួយឲ្យយល់ដឹងកាន់តែច្បាស់អំពីអាកប្បកិរិយាសត្វ សណ្ឋានដី និងការសម្របខ្លួនរបស់សត្វព្រៃ ទៅនឹងបរិបទរស់នៅជាមួយមនុស្ស។

ការសិក្សានេះ មានគោលបំណងពង្រឹងសកម្មភាពអភិរក្សនៅតំបន់សំខាន់ៗ ដោយផ្តោតលើតម្រូវការសហគមន៍មូលដ្ឋាន និងភាពចាំបាច់នៃការការពារសត្វព្រៃ។ 

ការសម្របសម្រួលរវាងគោលដៅអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន ត្រូវបានចាត់ទុកថា ជាគន្លឹះសម្រាប់ការរស់រានមានជីវិតយូរអង្វែងនៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់៕