2026-02-12 09:41
19

ថៃ៖ លោកស្រី Sasinphat Sinsomoson នាយិកាសាលា Patong Prathan Khiriwat ស្ថិតនៅស្រុក Hat Yai ខេត្ត Songkhla បានទទួលមរណភាព បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងអំពើបាញ់ប្រហារ និងចាប់សិស្សជាចំណាប់ខ្មាំងនៅក្នុងសាលា កាលពីថ្ងៃម្សិលមិញ ដែលបង្កឡើងយុវជនអាយុ១៨ឆ្នាំម្នាក់។

យុវជនប្រុសអាយុ ១៨ឆ្នាំ ត្រូវបានរាយការណ៍ថា បានបើកការបាញ់ប្រហារនៅក្នុងបរិវេណសាលា នៅរសៀលថ្ងៃពុធ បង្កឱ្យមានការឆ្លើយតបយ៉ាងធំទូលាយពីសំណាក់កម្លាំងនគរបាល និងស្ថានការណ៍ប្រឈមមុខជាច្រើនម៉ោង។

ក្នុងហេតុការណ៍នោះ លោកស្រី Sasinphat បានស្ម័គ្រចិត្តធ្វើជាចំណាប់ខ្មាំងជំនួសសិស្ស ដើម្បីធានាសុវត្ថិភាពរបស់កុមារទាំងអស់។ ទោះជាយ៉ាងណា លោកស្រីត្រូវបានបាញ់បង្ករបួសធ្ងន់ និងត្រូវបានបញ្ជូនទៅព្យាបាលនៅបន្ទប់ថែទាំពិសេស (ICU)។

សិស្សទាំងអស់ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព ប៉ុន្តែតាមរបាយការណ៍ លោកស្រីបានទទួលមរណភាពនៅវេលាម៉ោងប្រហែល ០៣និង០០នាទី ព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ ដោយសាររបួសធ្ងន់ធ្ងរពេក មិនអាចជួយសង្គ្រោះបាន។

ហេតុការណ៍នេះបានបង្កឱ្យមានការសោកស្តាយយ៉ាងខ្លាំង ពីសំណាក់សហគមន៍ និងសាធារណជន ដែលបានចាត់ទុកលោកស្រីជាគំរូនៃភាពក្លាហាន និងការលះបង់ ដើម្បីការពារជីវិតសិស្ស៕