2026-02-12 09:27
22

បាងកក៖ ខ្មាន់កាំភ្លើងម្នាក់ ដែលបានបាញ់ប្រហារ នៅក្នុងសាលារៀនមួយ ក្នុងស្រុកហាតយ៉ៃ ភាគខាងត្បូងប្រទេសថៃ កាលពីថ្ងៃពុធ ទី១១ ខែកុម្ភៈ ត្រូវបានឃាត់ខ្លួន ខណៈមនុស្សទាំងអស់ដែលត្រូវបានចាប់ជាចំណាត់ខ្មាំង ត្រូវបានរំដោះចេញ។ នេះបើតាមមន្ត្រីនគរបាលម្នាក់ប្រាប់សារព័ត៌មាន Reuters។

អាជ្ញាធរសុងខ្លា បានបង្ហោះលើបណ្តាញសង្គមថា បុរសអាយុ ១៨ ឆ្នាំម្នាក់ បានចូលទៅក្នុងសាលា Patongprathankiriwat ស្រុកហាតយ៉ៃ កាលពីរសៀលថ្ងៃពុធ ដោយក្នុងដៃមានកាន់អាវុធមកជាមួយ។

លោក វិចៀន សុប៊ុន អនុស្នងការរង បានប្រាប់ Reuters ថា «ជនប្រព្រឹត្តត្រូវបានចាប់ខ្លួនហើយ»។ លោកបានបន្ថែមថា មនុស្ស ០២ នាក់ គឺសិស្សម្នាក់ និងគ្រូម្នាក់ បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារនេះ។

ការិយាល័យស៊ើបអង្កេតកណ្ដាល (CIB) របស់ថៃ ក៏បានចេញសេចក្តីថ្លែងការណ៍ថា «នគរបាលបានបាញ់ជនសង្ស័យបណ្តាលឱ្យស្លាប់»។ ប៉ុន្តែក្នុងរូបថតមួយដែលនគរបាលបានចែករំលែក ឃើញជនសង្ស័យដើរជើងទទេ ពាក់ខោខ្លី និងអាវយឺត ត្រូវបានកម្លាំងប្រដាប់អាវុធចាប់ចងបង្ខំឱ្យដេកលើដី។

មន្ត្រីមូលដ្ឋានម្នាក់បានបញ្ជាក់ថា ហេតុការណ៍នេះកើតឡើងប្រហែលម៉ោង ០៤និង៣០នាទី ដល់ ០៤និង៤៥ នាទីរសៀល ម៉ោងក្នុងតំបន់ បន្ទាប់មកក៏មានសំឡេងបាញ់ជាច្រើនគ្រាប់។

តាមការបញ្ជាក់ពីមន្ត្រីដដែល ដែលបានប្រាប់សារព័ត៌មាន ThaiPBS ជនសង្ស័យបានចូលទៅក្នុងសាលា ដើម្បីស្វែងរកគ្រូបង្រៀនម្នាក់ ហើយពេលរកមិនឃើញ បានបាញ់បុគ្គលិកសាលាម្នាក់។

សូមបញ្ជាក់ថា អំពើហិង្សាដោយប្រើកាំភ្លើងបាញ់ប្រហារបែបនេះ មិនមែនជារឿងចម្លែកទេនៅក្នុងប្រទេសថៃ កន្លងមកអតីតមន្ត្រីប៉ូលិសម្នាក់ បានបាញ់សម្លាប់មនុស្ស ចំនួន ៣៦ នាក់ ក្នុងនោះមានកុមារ ២២ នាក់ នៅក្នុងការវាយប្រហារដោយកាំភ្លើង និងកាំបិត នៅឯមណ្ឌលថែទាំកុមារមួយកន្លែង នៅភាគខាងកើតប្រទេស កាលពីឆ្នាំ២០២២៕