2026-02-12 07:52
16

ប្រទេសមីយ៉ាន់ម៉ា (Reuters) - បន្តិចម្ដងៗ ស្របពេលដែលពិភពលោក កំពុងដើរកៀកទៅនឹងមាត់ជ្រោះហើយនោះ ស្រាប់តែសំឡេងថ្ងួនថ្ងូរដ៏ឈឺចាប់លាយនឹងកំហឹងរបស់មីយ៉ាន់ម៉ាបានបន្លឺឡើង ជាហេតុអង្រួនឲ្យប្រទេសជាច្រើនប្រើខ្សែភ្នែកយ៉ាងយកចិត្តទុកដាក់សម្លឹងមើលប្រទេសនេះសារជាថ្មី។ 

មិនមែនជារឿងចម្លែកនោះទេ ដែលមីយ៉ាន់ម៉ាព្យាយាមបង្ហាញភាពឃោរឃៅដែលកំពុងកើតឡើង ព្រោះតែប្រទេសនេះស្ថិតក្នុងកណ្ដាប់ដៃរបស់យោធាផ្ដាច់ការ តែអ្វីដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍ ស្រាប់តែប្រមុខនៃកងទ័ពជនជាតិដ៏មានឥទ្ធិពលមួយរបស់មីយ៉ាន់ម៉ា បានដាក់ការចោទប្រកាន់មេដឹកនាំពិភពលោកថាមិនអើពើនឹងការកើនឡើងរបស់របបយោធា ដែលកំពុងកាន់អំណាចនៅក្នុងការវាយប្រហារតាមអាកាសយ៉ាងសាហាវ ទៅលើជនស៊ីវិលក្នុងប្រទេសរបស់ខ្លួនទៅវិញ។ 

បន្ទោសបង្អាប់ទៅដល់មហាអំណាចផ្សេងទៀត តែប្រមុខកងទ័ពរូបនោះបែរជាអោបក្រសោបទីក្រុងប៉េកាំង ដោយងាកមកសរសើរថាមានតែប្រទេសចិនប៉ុណ្ណោះដែលកំពុងធ្វើអន្តរាគមន៍ក្នុងជម្លោះដែលមើលមិនឃើញថ្ងៃបញ្ចប់នេះ។

តាម Reuter ចាប់តាំងពីចុងឆ្នាំ 2024 ការវាយប្រហារតាមអាកាសរបស់របបយោធាមីយ៉ាន់ម៉ាបានសម្លាប់ជនស៊ីវិលយ៉ាងតិច 1,728 នាក់ ជាហេតុធ្វើឲ្យពន្យឺតការជឿនលឿននៃកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យដែលខ្វះកម្លាំងទ័ពអាកាស។ 

វាជាហេតុផលចម្បងមួយដែលមិនងាយធ្វើឲ្យប្រទេសនេះ មើលឃើញពន្លឺលទ្ធិប្រជាធិបតេយ្យទេ ព្រោះតែភាពជាប់គាំងក្នុងជម្លោះទូទាំងប្រទេសចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ 2021 ដែលបានផ្តួលរំលំរដ្ឋាភិបាលរបស់ម្ចាស់ជ័យលាភីណូបែលសន្តិភាព លោកស្រី Aung San Suu Kyi ដែលជារដ្ឋបាលប្រជាធិបតេយ្យដំបូងគេក្នុងរយៈពេលកន្លះសតវត្ស។

ថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ ដែលបានប្រមូលផ្តុំគ្នាសម្រាប់ក្បួនដង្ហែរដោយទាហានប្រហែល 1,000 នាក់ប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់រ៉ុក្កែតយ៉ាងសន្ធឹក លោក Yawd Serk ត្រូវបានចាត់ទុកថាជាប្រមុខនៃកងទ័ពដ៏មានឥទ្ធិពលមួយរបស់មីយ៉ាន់ម៉ា ដែលហ៊ានងើបឡើងប្រឆាំងនឹងរបបយោធារបស់ លោក Min Aung Hlaing ។ 

លោក Yawd Serk បានរិះគន់មិនសំចៃដល់មេដឹកនាំយោធានេះថា ជាអ្នកដឹកនាំដែលមានភាពអត្មានិយមហួសហេតុ មោទនភាព និងការលោភលន់ រហូតលើសពីអ្វីដែលប្រជាជនមីយ៉ាន់ម៉ាចង់បាន។

ភាពចម្រូកចម្រះរវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងរបបយោធាមីយ៉ាន់ម៉ាកំពុងពង្រីកអំណាចរបស់ចិនកាន់តែខ្លាំង ដែលចាត់ទុកថាជាតួអង្គមួយដ៏សំខាន់សម្រាប់មីយ៉ាន់ម៉ា។ 

ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងប៉េកាំងបានដើរតួនាទីស្ថាបនាជាយូរមកហើយនៅក្នុងដំណើរការសន្តិភាព និងការផ្សះផ្សាក្នុងស្រុក ដោយទទួលបានការទទួលស្គាល់ពីគ្រប់វិស័យនៃសង្គមមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិ។ ការលើកតម្កើនខ្លួនឯងដោយប្រយោលបែបនេះ ចិនចង់បង្ហាញឲ្យពិភពលោកទាំងមូលបានឃើញច្បាស់ថា រាល់បញ្ហាដែលកើតឡើងក្នុងប្រទេសជាច្រើនគឺតែងមានមុខខ្លួនជាអ្នកចូលមកសម្របសម្រួល និងអន្តរាគមន៍ ហើយពិភពលោកនឹងមិនអាចខ្វះវត្តមានទីក្រុងប៉េកាំងបានទេ៕

អត្តបទដោយ៖ ម៉េង ធីដា