ថៃ៖ កក្រើកផ្អើលថៃទៀតហើយ គ្មានថ្ងៃសម្រាកបានស្រួលនោះទេ ខណៈប៉ូលីសថៃកំពុងដុតដៃដុតជើង វែកមុខឧក្រិដ្ឋជនដែលក្លាហានកប់គ្រាប់បែក ក្នុងលូទឹកនៅក្រោមផ្លូវមួយក្នុងខេត្តណារ៉ាធីវ៉ាត ដែលបណ្ដាលឲ្យមនុស្ស០៣នាក់រងរបួស និងខូចខាតរថយន្តមួយគ្រឿងយ៉ាងដំណំ។
តាមប្រភពពី The Nation បានឲ្យដឹងថា គ្រាប់បែកមួយគ្រាប់បានផ្ទុះភ្លាមៗ នៅថ្ងៃទី១១ កម្ភៈ ដែលជនសង្ស័យជាពួកឧទ្ទាមបានកប់គ្រាប់បែកស៊ីឡាំងឧស្ម័នទម្ងន់ ៥០ គីឡូក្រាមក្នុងលូទឹកនៅក្រោមផ្លូវមួយក្នុងឃុំរឿសៅ ខេត្តណារ៉ាធីវ៉ាត ប្រទេសថៃ។
ការផ្ទុះនេះបានធ្វើឱ្យអ្នកភូមិបីនាក់រងរបួស និងខូចខាតយ៉ាងធ្ងន់ធ្ងរដល់រថយន្តភីកអាប់មួយគ្រឿង។
ភ្លាមៗក្រោយកើតហេតុ ក្រុមអ្នកស៊ើបអង្កេតបានរកឃើញរណ្ដៅផ្ទុះមួយនៅមាត់លូ ដែលមានជម្រៅប្រហែលមួយម៉ែត្រ និងទទឹងប្រហែលពីរម៉ែត្រ។
តាមប៉ូលីសបាននិយាយថា គ្រាប់បែកនេះត្រូវបានបំផ្ទុះដោយប្រើថ្ម និងមានខ្សែភ្លើងរត់ចូលទៅក្នុងព្រៃក្បែរនោះ។ ចំណែកសមត្ថកិច្ចថៃក៏បានដាក់ការសង្ស័យថា មុនគ្រាប់បែកនេះផ្ទុះ ឧក្រិដ្ឋជនទាំងនោះអាចកំពុងលាក់ខ្លួននៅក្នុងព្រៃក្រាស់តាមបណ្តោយផ្លូវ ហើយបានធ្វើសកម្មភាពបំផ្ទុះគ្រាប់បែក នៅពេលដែលរថយន្តប៉ូលីសបានឆ្លងកាត់ ដោយការផ្ទុះបានផ្ទុះឡើងប្រហែល ១០ ម៉ែត្រ បន្ទាប់ពីប៉ូលីសបានបើកបរឆ្លងកាត់ផ្លូវនេះ។
ដូច្នេះ អាជ្ញាធរថៃបានសន្មត់ថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយសមាជិកនៃបណ្តាញឧទ្ទាម ដែលមានគោលបំណងវាយឆ្មក់ និងសម្លាប់មន្ត្រីប៉ូលីស ប៉ុន្តែប្រែជាខុសគោលដៅដែលបានគ្រោងទុក ក្រោយរថយន្តមួយគ្រឿងមានសមាជិក៤នាក់ បានបើកបរពីក្រោយរថយន្តរបស់អង្គភាពបង្ការ និងបង្ក្រាបបទល្មើសនៃអធិការដ្ឋាននគរបាលស្រុក ហើយគ្រោះថ្នាក់នោះបែរជាបង្វែរមកត្រូវជនរងគ្រោះទាំង៤នាក់ខាងលើទៅវិញ។
យ៉ាងណាមិញ ក្រោយឧប្បទ្ទវហេតុនេះបានកើតឡើងដោយគ្មានការរំពឹងទុក សមត្ថកិច្ចថៃ នៅមិនទាន់វែកមុខរកឃើញអត្តសញ្ញាណជនសង្ស័យ និងដឹងពីចំនួនអ្នកប្រព្រឹត្តនៅឡើយ៕
អត្ថបទដោយ៖ ម៉េង ធីដា




