2026-01-08 17:16
20

សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមករាឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី (Mohammed Ismaeil A. Dahlwy) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងជម្រាបលា បន្ទាប់ពីឯកឧត្តមបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា។ 

សម្តេចរដ្ឋសភាធិបតី បានសម្ដែងនូវការស្វាគមន៍ និងពេញចិត្តជាខ្លំាងចំពោះលទ្ធផលនៅក្នុងអាណត្តិបេសកកម្មការទូតរបស់លោក ដែលបានសម្រេចនូវលទ្ធផលជាច្រើន នាំមកនូវផលប្រយោជន៍ដល់ប្រទេសនិងប្រជាជននៃប្រទេសទំាងពីរ ក៏ដូចជារួមចំណែកដល់តំបន់ និងសកលលោកផងដែរ។ 

ទំនាក់ទំនងរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត មានភាពរីកចម្រើនស្ទើលើគ្រប់វិស័យ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ នៅក្នុងនោះថ្នាក់ដឹកនាំនៃប្រទេសទំាងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាបន្តបន្ទាប់។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត កាលពីឆ្នាំ២០២៤ កន្លងទៅ ហើយលោកប្រធានរដ្ឋសភាអារ៉ាប៊ីសាអូឌីត ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៥ ដែរ។

 សម្ដេចរដ្ឋសភាធិបតី ឃួន សុដារី បានបញ្ជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លាស់ប្ដូរគ្នាទៅវិញទៅមកនាពេលកន្លងទៅនេះ គឺជាផ្នែកមួយធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែមានការរីកចម្រើន និងជិទស្និទ្ធ ហើយសម្ដេចរំពឹងថា ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ នឹងមានភាពល្អប្រសើរបន្ថែមទៀត ដែលទាំងអស់នេះជាការរួមចំណែកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើន។

 ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីត Mohammed Ismaeil A. Dahlwy បានអរគុណចំពោះសម្ដេចរដ្ឋសភាធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្ដែងការគួរសម និងជម្រាបលានៅពេលនេះ។ លោកបានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលការងារជាច្រើនដែលបានសម្រេចនៅក្នុងរយៈពេល ៣ឆ្នាំមកនេះ។ ជាមួយគ្នានេះ លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី ក៏បានបង្ហាញពីមនោសញ្ចេតនាជ្រាលជ្រៅជាមួយពលរដ្ឋកម្ពុជា ដោយបានគូសបញ្ជាក់ថា មានអនុស្សាវរីយ៍ដ៏ច្រើនជាមួយនឹងប្រទេសកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាផងដែរ។ 

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ទំនាក់ទំនង កិច្ចសហប្រតិបត្តិការកម្ពុជានិងអារ៉ាប៊ីសាអូឌីត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ឈរលើស្មារតីស្មោះត្រង់ ជឿជាក់ និងយោគយល់គ្នាទៅវិញទៅមក។ ប្រទេសទំាងពីរនៅមានសក្តានុពលជាច្រើនទៀតដែលត្រូវរួមសហការគ្នាបន្ថែមទៀត ដូចជាវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងអប់រំជាដើម ។ សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា ទំនងទំនងរវាងប្រជាជន និងប្រជាជនគឺជាកក្តាសំខាន់នៅក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អារ៉ាប៊ីសាអូឌីត គឺជាច្រកទំនាក់ទំនងដ៏សំខាន់ រវាងអាស៊ី និងមជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីតគួរមើលកម្ពុជា ឱ្យហួសពីកម្ពុជា គឺគួរសម្លឹងមើលកម្ពុជាក្នុងក្របខណ្ឌអាស៊ាន និងក្នុងក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាទីផ្សារសេដ្ឋកិច្ចមួយយ៉ាងធំ។ សម្តេចប្រធានរដ្ឋសភា ក៏បានស្នើឱ្យអារ៉ាប៊ីសាអូឌីត ជំរុញឱ្យមានជើងហោះត្រង់រវាងប្រទេសទំាងពីរផងដែរ។

 ជាការឆ្លើយតប លោក មូហាម៉េដ អ៊ីសម្មាអ៊ីល អេ. ដាលវី គំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ហើយបានបញ្ជាក់ថា ទោះបីបេសកកម្មការទូតរបស់លោកត្រូវបានបញ្ចប់យ៉ាងណាក្តី ក៏លោកខិតខំជំរុញ និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យមានការរីចម្រើនបន្តទៀត ដោយលោកបានរំលេចអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានភាពរីកចម្រើនស្រាប់ ជាពិសេសតាមរយៈការផ្លាស់ប្ដូរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ 

លោកបានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៦នេះ អ្នកវិនិយោគរបស់អារ៉ាប៊ីសាអូឌីត នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកនូវឱកាសវិនិយោគផ្សេងៗ តាមរយៈសភាពាណិជ្ជកម្មរបស់អារ៉ាប៊ីសាអូឌីត៕