2026-05-01 15:26
16

កោះកុង៖ អនុវត្តតាមការណែនាំរបស់គណៈបញ្ជាការឯកភាពខេត្ត កម្លាំងជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៦ នេះ បានបើកប្រតិបត្តិការចុះអនុវត្តច្បាប់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ដោយធ្វើការរុះរើសំណង់អនាធិបតេយ្យក្នុងតំបន់ការពារធម្មជាតិ ស្ថិតក្នុងភូមិសាស្ត្រស្រុកមណ្ឌលសីមា។

ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីមានការរឹងរូសពីសំណាក់បុគ្គលមួយចំនួនដែលបានចូលទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ ទោះបីជាមានការណែនាំជាបន្តបន្ទាប់ ក៏ដោយ ក្នុងនោះរួមមាន

- រដ្ឋបាលស្រុកមណ្ឌលសីមា បានចេញលិខិតជូនដំណឹងឱ្យចាកចេញដោយស្ម័គ្រចិត្ត ចំនួន ០៣ លើក រួចមកហើយ។​ 

- យោងតាមលទ្ធផលនៃកិច្ចប្រជុំរវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦។

- អាជ្ញាធរបានចុះពន្យល់អំពី «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ដល់តំណាងប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅ ប៉ុន្តែនៅតែមានបុគ្គលខ្លះមិនព្រមអនុវត្តតាម។

ចំពោះគោលដៅសំខាន់នៃប្រតិបត្តិការខាងលើនេះ គឺស្ថិតនៅចំណុច ជ្រោះដំណាក់ក្បូន ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង។ តាមរបាយការណ៍ សំណង់អនាធិបតេយ្យដែលត្រូវបានសាងសង់ដោយខុសច្បាប់ មានចំនួនជាង ១០០កន្លែង រួមមាន៖ ខ្ទម តូបលក់ដូរ រោងលំហែ និងបន្ទប់ទឹកជាដើម។

មន្ទីរបរិស្ថានបានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពកាប់គាស់ រុករាន និងទន្ទ្រានកាន់កាប់ដីធ្លីក្នុងតំបន់ការពារធម្មជាតិ គឺជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។ បុគ្គលដែលប្រព្រឹត្តត្រូវប្រឈមមុខនឹងការផ្ដន្ទាទោសតាម មាត្រា ៨៥១ ចំណុច (ច) នៃក្រមបរិស្ថាន និងធនធានធម្មជាតិ។

រដ្ឋបាលខេត្ត និងមន្ទីរជំនាញ បានសង្កត់ធ្ងន់ថា វិធានការក្តៅនេះគឺចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរំលោភបំពានលើសម្បត្តិធម្មជាតិរបស់ជាតិ និងដើម្បីថែរក្សាប្រព័ន្ធអេកូឡូស៊ីក្នុងឧទ្យានជាតិជួរភ្នំក្រវាញឱ្យនៅគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ៕