នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ លោក សរ ចំរុង ប្រធានគណៈកម្មការទី១ បានអនុញ្ញាតឱ្យតំណាងប្រជាពលរដ្ឋ ចំនួន ៤រូប រួមមាន៖ លោក ថូ សម្បត្តិ, លោក សាន់ សុភ័ក្រ្ត, លោក ជុំ សំអឿន និងលោក ឈឹម រី ដែលតំណាងឱ្យប្រជាពលរដ្ឋ ១៦៨គ្រួសារ មកពីឃុំភូមិធំ ស្រុកកៀនស្វាយ ចូលជួបពិភាក្សា និងផ្តល់ការបំភ្លឺបន្ថែមជុំវិញពាក្យបណ្ដឹងដែលបានដាក់ជូនរដ្ឋសភានាពេលកន្លងមក។
បន្ទាប់ពីបានស្តាប់ការរៀបរាប់ និងពិនិត្យលើភស្តុតាងនៃឯកសារពាក់ព័ន្ឋលម្អិតរួចមក លោក សរ ចំរុង បានពន្យល់យ៉ាងច្បាស់អំពីនីតិវិធីច្បាប់ និងយន្តការអន្តរាគមន៍របស់រដ្ឋសភា។
ក្នុងឱកាសនោះ ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា បានសង្កត់ធ្ងន់ថា៖ «រដ្ឋសភាតែងតែតម្កល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត។ រដ្ឋសភានឹងបន្តតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ដើម្បីធានាថាម្ចាស់សំណើទាំងអស់ទទួលបាននូវយុត្តិធម៌ និងដំណោះស្រាយមួយដែលសមស្របតាមច្បាប់ និងអាចទទួលយកបានទាំងអស់គ្នា»។
កិច្ចជំនួបនេះបានបញ្ចប់ទៅក្រោមបរិយាកាសយោគយល់គ្នា ដែលសបញ្ជាក់ឱ្យឃើញពីតួនាទីយ៉ាងសកម្មរបស់តំណាងរាស្ត្រ ក្នុងការបម្រើ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕
_1777613590.jpg)






