លោកបានថ្លែងថា បុគ្គល ឬក្រុមណាមួយ ដែលព្យាយាមយកឈ្មោះថ្នាក់ដឹកនាំ ជាពិសេស សម្តេចប្រធានគណបក្ស និង សម្តេចធិបតី មកភ្ជាប់ ដើម្បីការពារ ឬបិទបាំងទង្វើបំពានច្បាប់របស់ខ្លួន និងធ្វើបាបប្រជាជន គឺជាក្រុមគោលដៅដែល គណបក្សកាន់អំណាចត្រូវបោសសម្អាតចេញ ដោយមិនអនុញ្ញាតឱ្យមានការលើកលែង ឬការអត់ឱនឡើយ។
អ្នកនាំពាក្យបានសង្កត់ធ្ងន់ថា “ការអនុវត្តច្បាប់ដោយតឹងរឹង និងស្មើភាព គឺជាគោលការណ៍មូលដ្ឋានក្នុងការការពារផលប្រយោជន៍ប្រជាជន ថែរក្សាសន្តិភាព ស្ថិរភាព និងភាពសុចរិតក្នុងសង្គម ដោយមិនអនុញ្ញាតឱ្យបុគ្គលណាម្នាក់យកអំណាច ឬឈ្មោះថ្នាក់ដឹកនាំមកជាខែលការពារខ្លួនពីទោសទណ្ឌឡើយ”។
សារនេះ ត្រូវបានមើលឃើញថា ជាការបញ្ជាក់ជំហរយ៉ាងរឹងមាំរបស់ថ្នាក់ដឹកនាំ និងគណបក្សកាន់អំណាច ក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ បទល្មើស និងអំពើអយុត្តិធម៌គ្រប់រូបភាព ដើម្បីធានាឱ្យបាននូវការគោរពច្បាប់ និងយុត្តិធម៌ក្នុងសង្គម៕



