ប៉េកាំង៖ ក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងឈប់បាញ់ រវាងកម្ពុជា និងថៃ កំពុងត្រូវបានអនុវត្ត «ជាបន្តបន្ទាប់» ខណៈចិនសង្ឃឹមឱ្យភាគីទាំងពីរធានាឱ្យមានការឈប់បាញ់ «ទូលំទូលាយ» និង «យូរអង្វែង» ដើម្បីបញ្ចប់ភាពតានតឹងតាមបណ្តោយព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លិន ជៀន (Lin Jian) បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ភាគីទាំងពីរគួរតែបន្តគោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងឈប់បាញ់ ដើម្បីរក្សាស្ថិរភាព និងសន្តិភាពក្នុងតំបន់។ ក្នុងបរិបទនេះ លោកក៏បានបញ្ជាក់ថា ភាគីថៃបានប្រគល់ទាហាន ចំនួន ១៨ នាក់ ឱ្យកម្ពុជាវិញផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
សូមជម្រាបថា កម្ពុជា និងថៃ បានឯកភាពលើកិច្ចព្រមព្រៀងឈប់បាញ់លើកទី២ នៅចុងខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីមានការប៉ះទង្គិចតាមព្រំដែនអស់រយៈពេលជាច្រើនសប្តាហ៍ ដែលត្រូវបានចាត់ទុកថាជាការប្រយុទ្ធធ្ងន់ធ្ងរបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ រវាងប្រទេសជិតខាងទាំងពីរ។
អ្នកវិភាគមើលឃើញថា ការចូលរួមលើកទឹកចិត្តពីចិន ក្នុងនាមជាដៃគូសំខាន់ក្នុងតំបន់ អាចជួយជំរុញឱ្យដំណើរការឈប់បាញ់ប្រព្រឹត្តទៅដោយរលូន និងបង្កើនឱកាសសម្រាប់ការសន្ទនាដោយសន្តិវិធី ដើម្បីដោះស្រាយបញ្ហាព្រំដែននៅថ្ងៃអនាគត៕




