2026-01-02 09:50
19

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីថ្លែងការណ៍ បញ្ជាក់ជំហររបស់កម្ពុជា ជុំវិញការវិវត្តនាពេលបច្ចុប្បន្នពាក់ព័ន្ធនឹងបញ្ហាតៃវ៉ាន់ ដោយអះអាងថា «កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងទាំងអស់ ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនា ក្នុងតំបន់»។

ក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យនៃក្រសួងការបរទេស បានបញ្ជាក់ថា «កម្ពុជាប្រកាន់ខ្ជាប់គោលការណ៍នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ឬជម្លោះដោយសន្តិវិធី ហើយសង្ឃឹមយ៉ាងមុតមាំថា ភាគីពាក់ព័ន្ធទាំងអស់ នឹងស្វែងរកមធ្យោបាយសមស្រប ដើម្បីបន្ធូរបន្ថយភាពតានតឹងនៃស្ថានការណ៍ជុំវិញបញ្ហាតៃវ៉ាន់»។

ជាមួយគ្នានេះ កម្ពុជាក៏បានបញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ «ចិនមួយ» ដោយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ទៀតថា «កម្ពុជាចាត់ទុកបញ្ហាដែលពាក់ព័ន្ធនឹងតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន និងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការសម្រេចបាននូវការបង្រួបបង្រួមជាតិ ព្រមទាំងការប្រឆាំងនឹងឯករាជ្យតៃវ៉ាន់គ្រប់ទម្រង់»។

អ្នកវិភាគមើលឃើញថា ជំហរនេះបន្តបង្ហាញពីការប្រកាន់ខ្ជាប់របស់កម្ពុជា ចំពោះគោលការណ៍គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់រដ្ឋនានា ស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍មូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ៕