2026-01-02 07:47
16

ព្រះវិហារ៖ ការបាញ់ផ្លោងរបស់យោធាថៃ អំឡុងការប៉ះទង្គិចពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលបានចុះបញ្ជីកាលពីឆ្នាំ២០០៨ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបាត់បង់វឌ្ឍនភាពអភិរក្ស ជាច្រើនឆ្នាំ។

យោងតាមប្រភពពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ការបាញ់ផ្លោងបានប៉ះពាល់ដល់រចនាសម្ព័ន្ធសំខាន់ៗមួយចំនួននៃប្រាសាទ រួមទាំង ជញ្ជាំង ប្រាង្គ និងសំណង់បុរាណ ដែលកំពុងស្ថិតក្រោមការជួសជុល និងអភិរក្ស។ វឌ្ឍនភាពនៃការងារអភិរក្សអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានរាយការណ៍ថា បានរងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។

អ្នកជំនាញផ្នែកបេតិកភណ្ឌវប្បធម៌បានបញ្ជាក់ថា “ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌមានតម្លៃសកល មិនត្រឹមតែសម្រាប់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្រាប់មនុស្សជាតិទាំងមូល។ ការខូចខាតដែលកើតមានឡើង នឹងត្រូវការពេលវេលា ថវិកា និងជំនាញបច្ចេកទេសយ៉ាងច្រើន ដើម្បីស្តារឡើងវិញ”។

អាជ្ញាធរកម្ពុជា បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់ គោរពតាមច្បាប់អន្តរជាតិ និងអនុសញ្ញាពាក់ព័ន្ធនឹងការការពារបេតិកភណ្ឌវប្បធម៌ក្នុងពេលមានជម្លោះ ដើម្បីបញ្ឈប់ការខូចខាតបន្ថែមលើតំបន់ប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

បច្ចុប្បន្ន ស្ថានការណ៍នៅតំបន់ប្រាសាទព្រះវិហារ ត្រូវបានតាមដានយ៉ាងជិតស្និទ្ធ ខណៈដែលការវាយតម្លៃលម្អិតអំពីកម្រិតខូចខាត និងផែនការជួសជុលបន្ត កំពុងត្រូវបានរៀបចំដោយស្ថាប័នជំនាញពាក់ព័ន្ធ៕